(កណ្ដាល)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ នៅស្រុកកោះធំ ខេត្តកណ្ដាល លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងារចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងទិវា នៃការចងចាំ និងបង្សុកូលជូនបុព្វការីជន ដែលបានចែកឋានទៅប្រមាណ ៣៥,០២៧នាក់ ដែលបានមកពី៥៧រណ្ដៅ ហើយត្រូវបានបញ្ចុះនៅក្នុងចេតិយវិមានសពពោធិ៍ទន្លេ ស្ថិតក្នុងភូមិពោធិ៍ទន្លេ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល។
ពិធីនេះធ្វើឡើងដើម្បី ចងចាំពីភាពសាហាវឃោរឃៅយង់ឃ្នងរបស់ពួកខ្មែរក្រហម និងបង្សុកូលជូនបុព្វការីជន ដែលបានចែកឋានទៅនាសម័យនោះ។
ថ្លែងនៅក្នុងអង្គពិធី លោក ស៊ុន ចាន់ថុល បានរំលឹកថា របបដ៏ប្រល័យពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាពលរដ្ឋជាង២លាននាក់ និងបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ និងជនពិការរាប់លាននាក់ ដែលមានរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃតែប៉ុណ្ណោះ តាមរយៈការសម្លាប់ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការបង្ខំឲ្យធ្វើពលកម្មហួសកម្លាំង ព្រមទាំងបានធ្វើឲ្យខឿនសេដ្ឋកិច្ចជាតិធ្លាក់ចុះ ដល់ចំណុចសូន្យផងដែរ។
យ៉ាងណាមិញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស តួយ៉ាងផ្លូវ និងស្ពាន នៅស្រុកកោះធំនេះ។
លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយជាកត្តាសត្យានុម័ត ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រោះវាផ្ដល់ឱកាសដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ បង្កើនការនាំចេញ-ចូល និងទាក់ទាញភ្ញៀវទេសចរណ៍ សំដៅបង្កើតការងារជូនប្រជាពលរដ្ឋទៅតាមចំណេះ និងជំនាញរៀងៗខ្លួន។
ជាទីបញ្ចប់ លោក ស៊ុន ចាន់ថុល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សាមគ្គីពួតដៃគ្នាជាកម្លាំងមហាសាលមួយ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍នេះម្តងទៀត និងបានអញ្ជើញបង្សុកូល ព្រមទាំងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៤០ អង្គផងដែរ៕