(ភ្នំពេញ)៖ ក្រោយតាមឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ មកសួរនាំជាច្រើនម៉ោងក្រោយមកកម្លាំងនគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងតាមស្រាវជ្រាវរកប្រភព និងបក្ខពួកដែលនៅសេសសល់ដើម្បីបន្តវិធានការបង្ក្រាប។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់នេះដែរ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ លើជនសង្ស័យឈ្មោះ ថាច គឹមស៊ា អាយុ៣៤ឆ្នាំ នាវេលាម៉ោង០១៖០០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវ១០៣ ក្នុងក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកអធិការនគរបាលខណ្ឌ បញ្ជាក់ទៀតថា បន្ទាប់ពីតាមស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរ តាមជំនាញជាច្រើនម៉ោងក្រោយមក កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងស្វែងរកប្រភពនៃគ្រឿងញៀន និងបក្ខពួកដែលនៅសេសសល់ ដើម្បីមានវិធានការតាមបង្ក្រាបបន្តទៀត។
លោកអធិការថា ជនសង្ស័យនិងវត្ថុតាងដកហូតបានក្នុងសកម្មភាពជួញដូរថ្នាំញៀន កំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី៕