(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿង ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាល ឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានអ្នករងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣ ទាបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នពេញភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង បើកបរដោយបុរសជនជាតិម្នាក់ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់ តែរថយន្តបានរេចង្កូតងាកមកខាងឆ្វេងដៃជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះអ្នកដែលបានឃើញហេតុការណ៍ បាននាំគ្នារត់មកជួយទាញយកបុរសជនជាតិចិនខាងលើចេញពីក្នុងរថយន្ត ដើម្បីសង្គ្រោះជីវិត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកវាស់វែងរួចហើយក៏យករថយន្តបបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕