(ព្រះវិហារ)៖ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានសម្តែងនូវការពីការឈឺចុកចាប់ផ្លូវចិត្តរបស់លោក ក្រោយកូនប្រុសជាទីស្រឡាញ់ ជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកពីក្រោយ ហើយរហូតមកដល់ថ្ងៃនេះ សូម្បីតែពាក្យសុំទោសមួយម៉ាត់ ក៏ជនបង្កមិនបានហារស្តី និងមិនមកជួបលោកដើម្បីទទួលសុខត្រូវនោះឡើយ។
សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកឧត្តមសេនីយ៍ទោ មិនចង់ឲ្យមានរឿងវែងឆ្ងាយនោះទេ ដោយសារមានការអន្តរាគមន៍អង្វរក ពីប្រធានអង្គភាពជនបង្កដែលជាកងកម្លាំងដូចគ្នា។
តាមរយៈភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅមុខធនាគារអេស៊ីលីដា ក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈកូនប្រុសរបស់លោក ជិះកង់តាមផ្លូវ ត្រូវជនបង្កបើកម៉ូតូមកបុកពីក្រោយបណ្តាលឲ្យរងរបួស។ ក្មេងប្រុសរងគ្រោះឈ្មោះ អៅ តុងហេង អាយុ៧ឆ្នាំ។
លោកបានថ្លែងថា «អ្វីដែលឈឺចាប់ក្នុងចិត្តបំផុតក្នុងនាមជាឪពុកនោះ គឺជនបង្កបុកកូនរបស់ខ្ញុំហើយ មិនបានជួយមើលលើកដាក់កូនខ្ញុំទៅកាន់មន្ទីរពេទ្យទេ បែរជាដើរចេញធ្វើហាក់បីដូចជា មិនមានរឿងអ្វីកើតឡើងអញ្ចឹង។ តែដោយសារមានការអន្តរាគមន៍ទូរសព្ទពីលោកឧត្តមសេនីយ៍ត្រី ប៉ែន សុធី មេបញ្ជាការរងកងអន្តរាគមន៍រថពាសដែក នៃបញ្ជាការដ្ឋានកងអង្គរក្ស ថាជនបង្កជាកូនចៅរបស់លោក សុំឲ្យសម្របសម្រួលគ្នា ទើបខ្ញុំយល់ព្រម ព្រោះយល់ថា ជាកងកម្លាំងដូចគ្នា ហើយឲ្យយកវត្ថុតាងទុកដាក់ត្រឹមប៉ុស្ត៍នគរបាលរដ្ឋបាលស្រអែម ដោយមិនបាច់បញ្ជូនទៅលើទេ»។
លោកបានបន្តទៀតថា ប៉ុន្តែចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃនេះ ជនបង្កមិនបានចូលខ្លួនមកសុំទោសទទួលកំហុសនោះទេ តែបែរជាលេចមុខអ្នកផ្សេង គឺលោក ឡឹក វិបុល អតីតអ្នកប្រដាល់មកសុំម៉ូតូពីប៉ុស្តិ៍ប៉ូលីសទៅវិញ ដោយអះអាងថា ជាម៉ូតូរបស់ខ្លួន។
លោក ជូ តុងអាន បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ បើភាគីទាំងសងខាងមិនបានសម្របសម្រួលគ្នាផង ធ្វើម្តេចសមត្ថកិច្ចហ៊ានប្រគល់វត្ថុតាងឲ្យភាគីម្ខាងទៀតកើត? លោកថា ការសម្របសម្រួលជាមួយលោកស្រួលណាស់ បើភាគីជនបង្កមកសុំទោសលោកមួយម៉ាត់ លោកនឹងអធ្យាស្រ័យឲ្យដោយគ្រាន់តែអប់រំណែនាំ ថែមទាំងមិនទាមទារសំណងសូម្បីតែ ១០០រៀលលុយខ្មែរ ចំណែកម៉ូតូលោកនឹងសុំឲ្យប៉ូលីសប្រគល់វិញភ្លាម ប៉ុន្តែបើជនបង្កមិនមកសុំទោសលោកទេ នោះលោកនឹងដាក់ពាក្យប្តឹងទៅតាមច្បាប់ដោយឈប់យោគយល់ទៀតហើយ៕