(ភ្នំពេញ)៖ អ្នកតាមដាននយោបាយអន្តរជាតិ ពិតជាបានដឹងហើយអំពីរឿងអាស្រូវនយោបាយផ្ទុះឡើង នៅប្រទេសអូទ្រីសដែលជាសមាជិកសហភាពអឺរ៉ុប។ រឿងអាស្រូវនយោបាយមួយនេះកំពុងក្លាយជាព្យុះសង្ឃរាបោក បក់ប្រទេសអូទ្រីសយ៉ាងពេញទំហឹង ហើយបាននិងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំងមូល។ ដើម្បីយល់ថា តើរឿងអាស្រូវនៅអូទ្រីសអាចឆ្លុះបញ្ចាំងអ្វីខ្លះពីរឿងអាស្រូវនយោបាយនៅកម្ពុជា? ហើយតើជំហររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងចំពោះរឿងដូចគ្នាដែលកើតមាន នៅក្នុងប្រទេសសមាជិករបស់ខ្លួន ខុសគ្នាបែបណា?
ដើម្បីមើលធ្លុះបញ្ហានេះ ខ្ញុំសូមរម្លឹកសាច់រឿងអាស្រូវនយោបាយដ៏ក្តៅគគុកនៅអូទ្រីសដូចខាងក្រោម៖
បញ្ហានេះបានផ្ទុះឡើងនៅ ថ្ងៃទី១៧ ឧសភា ២០១៩ បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារព័ត៌មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុល និងជាអនុអធិកាបតីអូទ្រីសបាន និយាយនៅពេលផឹកស៊ីស្រវឹងទៅកាន់ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាមនុស្សស្និទនឹងអ្នកមានអំណាចនៅរុស្ស៊ី។
មេបក្សជាតិនិយមជ្រុលអូទ្រីសរូបនេះក៏បានសន្យាជាមួយស្ត្រីនោះ ថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងឲ្យបក្សរបស់លោកបានឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះមេបក្សរូបនេះក៏បានលើកឡើងអំពីយុទ្ធសាស្ត្រវាយលុក និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានដោយយកគំរូដូចនៅហុងគ្រី។
ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជា អនុប្រធានបក្សស្តាំជាតិនិយមជ្រុលក៏ត្រូវតែចុះចេញពីតំណែងផងដែរ ដើម្បីបើកផ្លូវឲ្យមានការស៊ើបអង្កេតលើសំណុំរឿង នេះឲ្យមានតម្លាភាព។
ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយ័ត្ន និងកុំឲ្យលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។ រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនគឺជារឿងរសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។
នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។
ឥឡូវនេះយើងងាកមកប្រៀបធៀបនឹងរឿងអាស្រូវនយោបាយនៅកម្ពុជាវិញម្តង។
១៖ រដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន អត់មានបានបញ្ជាឲ្យទៅលួចថតការនិយាយរបស់ កឹម សុខា ទេ ហើយពេលលោក កឹម សុខា ឈរនិយាយក៏អត់មានផឹកស្រវឹង ដូចករណីអាស្រូវនៅអូទ្រីសដែរ។
២៖ ការបែកធ្លាយវិដេអូអួតអាងសារភាពរបស់លោក កឹម សុខា ប្រកាសក្តែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនបានទទួលការហ្វឹកហាត់ពីបរទេសអស់ជាច្រើនឆ្នាំដើម្បីរៀបចំ ផែនការធ្វើបដិវត្តន៍ ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរបៀបនៅអតីប្រទេស សែរប៊ី និង យូហ្កូស្លាវី ក៏ដោយសារទូរទស្សន៍អនឡាញ CBN នៅប្រទេសអូស្ត្រាលី មិនមែនបណ្តាញផ្សព្វ្សាយ ព័ត៌មានរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះដែរ។ តើត្រូវគេចាត់ទុកជាអ្វីដែរ?
ដូច្នេះខ្ញុំយល់ថា ទំហំនៃទោសកំហុសរបស់ កឹម សុខា នេះពិតជាត្រឹមត្រូវនិងសមណាស់ដែល រដ្ឋអំណាចត្រូវតែវាយខ្នោះទាំងកណ្តាលយប់អាធ្រាត ពីព្រោះវាជារឿងធំមហិមារ។ រឿងរ៉ាវដែលកើតឡើងនៅអូទ្រីសនៅពេលនេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាពិតជាត្រឹមត្រូវ ហើយគ្មានប្រទេសណាមួយគេអាច អនុគ្រោះដល់អ្នកនយោបាយ ដែលលក់ក្បាលឲ្យបរទេសដើម្បីបើកដៃឲ្យបរទេសបំផ្លាញប្រទេសខ្លួនឯងនោះឡើយ។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា សហភាពអឺរ៉ុបបែរជាខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែល មានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់ វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?
ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួន ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោស អ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ។
ទេវតារក្សាទ្វីបលោកនេះពិតជាចង់ផ្តល់កិច្ចគាំពារដល់កម្ពុជា ហើយទើបបានជាធ្វើឲ្យមានរឿងអាស្រូវនេះចំបេះដូងអឺរ៉ុបតែម្តង ខណៈដែលសហភាពអឺរ៉ុបកំពុងគំរាមព្យួរប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីកម្ពុជា។ នេះហើយដែលគេហៅថា តម្រិះជិះកឯង។ តើអឺរ៉ុបដែលអួតថា ជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្ស និងជាអ្នកស្រឡាញ់យុត្តិធម៌នោះ មានអ្វីមកបង្ហាញជាគំរូដល់ប្រទេសក្រីក្រតូចតាចដូចកម្ពុជា?
តើសហភាពអឺរ៉ុបមានស្តង់ដារប៉ុន្មាន? សហរដ្ឋអាមេរិកវិញក៏ មិនខុសគ្នាដែរ។ មហាអំណាចលោកខាងលិចមួយនេះក៏បានស្រែករិះគន់កម្ពុជា និងកំពុងគំរាមដកប្រព័ន្ធ អនុគ្រោះពន្ធ GSP ពីកម្ពុជាដែរដោយសារចំណាត់ការរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើមេបក្ស្រឆាំង និងអតីតអង្គការចាត់តាំង នយោបាយដែលបានឃុបឃិតជាមួយបរទេស ខណៈពេលដែលប្រទេសរបស់ខ្លួនបាន និងកំពុងបន្តចាត់វិធានការក្តៅគគុកចំពោះសំណុំរឿងអ្នកនយោបាយ ឃុបឃិតជាមួយបរទេស(រុស្ស៊ី)។
ដូច្នេះពីអំណឹះតទៅ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក ពិតជាមិនអាចមានពាក្យអ្វីមកនិយាយជាមួយកម្ពុជាទៀតបានឡើយ ប្រសិនបើពួកគេជាអ្នកថ្លៃថ្នូរ និងចេះអៀនខ្មាស។ ការប្រើប្រាស់ស្តង់ដារពីរមិនមែនជាគំរូល្អដែលត្រូវបង្ហាញដល់អ្នកដទៃឡើយ។ ហើយការបន្តនយោបាយស្តង់ដារពីរនេះ «Deux poids Deux Mesures រឺ Double Standards » ទៀតសោតនឹងធ្វើឲ្យអានុភាពរបស់ មហាអំណាចលោកខាងលិចធ្លាក់ចុះខ្សោយជាបន្តបន្ទាប់នៅចំពោះមុខប្រទេសតូចតាច និងក្រីក្រ។
ភាពអយុត្តធម៌របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះកម្ពុជា ល្មមដល់ពេលបិទបញ្ចប់ហើយ ប្រសិនបើមហាអំណាចលោកខាងលិចចង់រក្សាភាពជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្សតទៅទៀត។ នេះជាសារដ៏សំខាន់មួយដែលស្តែងចេញពីរឿងអាស្រូវនយោបាយនៅអូទ្រីស។ សារសំខាន់ម្យ៉ាងទៀតគឺ អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងគឺជាកំហុសធ្ងន់ប៉ុនមហាមេឃ ដែលគ្មានប្រទេសណាទទួលយកបានឡើយរាប់ទាំងប្រទេសដែលមានអំនួតថា ជាបិតាប្រជាធិបតេយ្យទាំងឡាយផង។
ដូច្នេះលោកបណ្ឌិត អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានលម្អៀងទាំងឡាយ គួរល្មមភ្លឺភ្នែកហើយចំពោះសំណុំរឿងឃុបឃិតជាមួយបរទេស៕