(តាកែវ)៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញឲ្យដឹងថា ការបង្កបង្កើនផលនៅឆ្នាំ២០១៩នេះ ស្រូវ ពោត និងសណ្តែក ទទួលបានផលល្អប្រសើរ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។ លទ្ធផលនៃការផ្សងនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០១៨ផងដែរ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ០៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ។ តាម ព្រះរាជប្រវេណី តាមបែបព្រហ្មញ្ញសាសនា ព្រះរាជពិធីត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់តាមលំអាន។
តាមលំអានព្រះរាជប្រវេណីមុននឹងការចាប់ផ្តើមព្រះរាជពិធី តាអាចារ្យបានធ្វើពិធីបួងសួងដល់ទសបរមី ទេវតាថែរក្សាប្រទេសកម្ពុជា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសព្រំប្រសិទ្ធព្រះពុទ្ធពរជ័យសេរីមហាប្រសើរថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រជារាស្ត្រខ្មែរ ក៏ដូចជាសុំឱ្យទឹកភ្លៀងធ្លាក់បរិបូរណ៍ទៀងទាត់តាមកាលវេលា និងសូមឱ្យការបង្កបង្កើនផលទទួលបានផលល្អប្រសើរ។
បន្ទាប់ពីលោកតាអាចារ្យបានបួងសួងរួចរាល់ហើយនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដែលព្រះមហាក្សត្ររាជានុញ្ញាតធ្វើជាស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ បានចាប់ផ្តើមភ្ជួរលើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកស្រី ស្រី ប៊ុណ្ណាដាវី ភរិយាលោក អ៊ូច ភា ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំ។
ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ជុំរួចហើយ ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោសព្រំទឹកលើគោឧសភរាជ និងដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេចនោះ។
ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧសភរាជបរិភោគស្រូវ ៨៥ភាគរយ ពោត ៩០ភាគរយ និងសណ្តែក ៨៨ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខានតាំងពីបុរាណកាលរៀងមក ដើម្បីជាការប្រកាសដល់ប្រជាពលរដ្ឋខ្មែរថារដូវបង្កបង្កើនផល រដូវធ្វើស្រែបានចូលមកដល់ហើយ។
ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ៕