(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីក្នុងនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជំរុញឱ្យភាគីពាក់ព័ន្ធយកឆ្នាំ២០២៣ ជាឱកាសបង្កេីតថវិកា ដេីម្បីធ្វេីដេីមទុនបន្តអភិវឌ្ឍវិស័យកីឡានៅកម្ពុជា សម្រាប់ឆ្នាំជាបន្តបន្ទាប់។
ឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។ លោកថ្លែងទៀតថា ដេីម្បីសម្រេចចក្ខុវិស័យនេះបាន ទាមទារឱ្យមានការរៀបចំផែនការច្បាស់លាស់ ដោយមានអ្នកអនុវត្ត និងអ្នកតាមដានការអនុវត្តប្រកដដោយប្រសិទ្ធភាព។
លោករដ្ឋលេខាធិការរូបនេះ ក៏ជំរុញលេីកទឹកចិត្តដល់ការិយាល័យក្នុងនាយកដ្ឋាននេះ យ៉ាងហោចណាស់ក្នុង១ឆ្នាំត្រូវពិនិត្យវាយតម្លៃលេីការងាររបស់ខ្លួនថា បំពេញបានកម្រិតណា? ខ្វះចន្លោះអ្វីខ្លះ? ធ្វេីបានផ្លែផ្កាយ៉ាងណាជាដេីម។ល។
ទន្ទឹមនឹងនេះ ការិយាល័យនីមួយៗ គប្បីចេះស្រាវជ្រាវកែច្នៃលេីផែនការ ដែលមានស្រាប់ដេីម្បីរកអ្វីដែលថ្មី ព្រោះអ្នកធ្វេីផែនការពុំមែនជាព្រះនោះទេ។ ជាងនះទៅទៀត លោកជំរុញឱ្យនាយកដ្ឋានទាំងមូលត្រូវពង្រឹងរចនាសម្ព័ន្ធការងារ បែងចែកការទទួលខុសត្រូវឱ្យច្បាស់លាស់ និងបំពេញការងារតាមឋានានុក្រុមរដ្ឋបាល។ បន្ថែមពីនេះ ត្រូវគ្រប់គ្រងវត្តមានមន្ត្រីឱ្យម៉ឺងម៉ាត់។
ដេីម្បីឈានទៅឆ្នាំ២០២៣ផង និងសម្រេចយុទ្ធសាស្ត្រ យុវជនម្នាក់មានជំនាញកីឡាមួយប្រភេទប្រចាំជីវិតផង លោក ស សុខា បានជំរុញឱ្យផលិតវីដេអូខ្លីៗ ដោយយកអ្នកល្បីៗមកដេីរតួ ដេីម្បីទាក់ទាញយុវជនលេងកីឡា។ លោកឱ្យរៀបចំជាសិក្ខាសាលាតាមសាលា ឬតាមទីសាធារណៈឱ្យយុវជនស្គាល់ប្រភេទ និងសារសំខាន់របស់កីឡា។ លេីសពីនេះ លោកថាគប្បីសហការជាសហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដាខេត្ត គ្រប់រូបភាព ដេីម្បីបំផុសការលេងកីឡា។
លោកបញ្ជាក់ថា លទ្ធផលការងារសម្រេចជោគជ័យតាមផែនការខាងលេីទៅបាន គឺអាស្រ័យលេីមន្ត្រីក្រោមឱវាទជាអ្នកអនុវត្ត។ ដូច្នេះ សូមកុំមេីលរំលងមន្ត្រីក្រោមឱវាទ ទោះរូបភាពណាក៏ដោយ សូម្បីតែលិខិតសរសេីរ ឬលិខិតថ្លែងអំណរគុណ៕