Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គឹម ហ៊ាង៖ ធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ៨ម៉ោងក្នុង១ថ្ងៃ បុណ្យទាន ថ្ងៃសៅរ៍អាទិត្យឈប់ មិនអាចក្លាយជាអ្នកមានបានទេ (Video inside)

21-05-2019 18:05

(ភ្នំពេញ)៖ លោកបណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត លើកឡើងថា ប្រសិនបើអ្នកធ្វើការ៥ថ្ងៃក្នុង១សប្ដាហ៍ ធ្វើការ៨ម៉ោងក្នុង១ថ្ងៃ ឈប់សម្រាករៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗនោះ អ្នកនឹងមិនអាចក្លាយជាអ្នកមានបានឡើយ អ្នកអាចនឹងមានប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃ ប៉ុន្ដែអ្នកមិនមានប្រាក់ដែលគេហៅថា អ្នកមានឡើយ។

លោកបណ្ឌិត គឹម ហ៊ាង បានឲ្យដឹងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូរស្សន៍ Fresh News ថា ទម្រាំលោកមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកម្ពុជា លោកបានឆ្លងកាត់រាល់ឧបសគ្គជាច្រើន ដោយធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស, អ្នករត់តុក្នុងក្លឹបខារ៉ាអូខេ និងធ្លាប់ជាមគ្គុទេស៍ទេសចរណ៍ថែមទៀតផង។

លោកបណ្ឌិតបន្ដថា «អ្វីដែលជំរុញចិត្តខ្ញុំដំបូងគេរហូត ដល់ក្លាយខ្លួនជាអ្នកជំនាញលើវិស័យដីធ្លី ដូចបច្ចុប្បន្ននេះគឺ ខ្ញុំធ្វើការដើម្បីអ្នកនៅជុំវិញខ្លួន។ ខ្ញុំតែងតែនិយាយច្រើនដងថា ប្រសិនបើខ្ញុំធ្វើការដើម្បីតែខ្លួនឯងគឺ ខ្ញុំមិនចាំបាច់ខិតខំប្រឹងអ្វីទាំងអស់»

លោកបណ្ឌិតបន្ថែមថា «កត្តាដែលជំរុញឲ្យខ្ញុំខិតខំតាំងពីគ្រូបង្រៀន, អ្នករត់តុ, អ្នកមគ្គុទេស៍ទេសចរណ៍គឺ ខ្ញុំមានឆន្ទៈចង់ឲ្យអ្នកនៅជុំវិញមានបានដូចខ្ញុំ ឬមានបានជាងខ្ញុំ ចង់អ្នកទាំងអស់គ្នាក្លាយជាអ្នកមាន, អ្វីដែលខ្ញុំចេះខ្ញុំប្រាប់, អ្វីដែលខ្ញុំមានខ្ញុំចែករំលែក»

លោកបណ្ឌិតបញ្ជាក់ថា «អ្នកដែលធ្វើការ១ថ្ងៃ៨ម៉ោង ៥ថ្ងៃក្នុង១សប្ដាហ៍ ឈប់រៀងរាល់ពេលមានបុណ្យទាន, រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ មិនអាចក្លាយជាអ្នកមានបានឡើយ។ អ្នកដែលមានល្បីលើពិភពលោក, អ្នកមាននៅកម្ពុជាសុទ្ធសឹងតែលះបង់ពេលវេលាដើម្បីការងារ អ្នកមានទាំងអស់នោះខិតខំតស៊ូ និងចំណាយច្រើនណាស់ ទម្រាំមកដល់កម្រិតនេះ»។

លោកបញ្ជាក់បន្ថែមថា «សម្រាប់បុគ្គលិកដែលធ្វើការលេងៗ ហើយចង់ក្លាយជាអ្នកធំ ចង់ក្លាយជាអ្នកមាន គឺមិនអាច។ ជាក់ស្ដែងអ្នកដែលនៅក្បែរខ្ញុំតែងតែរុញ ឲ្យពួកគាត់ខិតខំប្រឹងប្រែង ប៉ុន្ដែអ្នកខ្លះក៏ទៅរួចហើយអ្នកខ្លះ ក៏មិនអាចទៅរួច»