(ព្រះវិហារ)៖ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញជាច្រើនរូប ថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩នេះ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកស្រី លីនណិត ហ្រ្វាន់កូ (Ms. Linnette Franco) មន្រ្តីកិច្ចការវប្បធម៌ និងលោកស្រី ណន សូរៃមាស (Ms. Soreimeas Norn) អ្នកឯកទេសគ្រប់គ្រងកម្មវិធី នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មកកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ។
លោក គង់ ពុទ្ធិការ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់មន្ត្រីស្ថានទូតអាមេរិក នៅពេលនេះ ក្នុងគោលបំណងស្វែងយល់ អំពីតម្លៃនៃបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងពិនិត្យមើលវឌ្ឍនភាពការងារ គម្រោងសិក្សាស្រាវជ្រាវ ដើម្បីអភិរក្សជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដែលជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុ ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក (Ambassadors Fund for Cultural Preservation) ហើយកំពុងអនុវត្តដោយមន្រ្តីជំនាញ ផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។
លោកបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូស្ថានទូតអាមេរិក ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដែលមានដាក់តាំងបង្ហាញអំពីផ្នែកប្រវត្តិសាស្រ្ត ផ្នែកវប្បធម៌ ប្រពៃណីជនជាតិកួយ និងផ្នែកជីវិតសត្វ និងរុក្ខជាតិនៅក្នុងតំបន់ និងសំណេះសំណាលជាមួយសិស្សសាលា មកពីអនុវិទ្យាល័យស្រអែម ដែលកំពុងទទួលការអប់រំផ្សព្វផ្សាយអំពី កិច្ចការអភិរក្សវប្បធម៌និងបរិស្ថាន នៅលើភ្នំប្រាសាទព្រះវិហារ។
គួររំលឹកផងដែរថា អាជ្ញាធរជាតិព្រះវិហារ បានទទួលថវិកាចំនួន ២០ម៉ឺនដុល្លាអាមេរិក ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក (Ambassadors Fund for Cultural Preservation) សម្រាប់អនុវត្តគម្រោងសិក្សា ស្រាវជ្រាវដើម្បីអភិរក្សជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ រយៈពេល១ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។ កិច្ចការសំខាន់ៗនៅក្នុងគម្រោងឆ្នាំទី១ គឺផ្តោតលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា រចនាសម្ព័ន្ធនិងស្ថាបត្យកម្មសំណង់ជណ្តើរ ប្រព័ន្ធ បង្ហូរទឹក និងលើកផែនការអភិរក្ស និងជួសជុលសម្រាប់ឆ្នាំខាងមុខ៕