(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ លើបន្លែផ្លែឈើត្រីសាច់ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទានរបស់ពលរដ្ឋ នៅក្នុងផ្សារជីមាន់ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា លោកតែងតែដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យតាមផ្សារ និងការដាក់លក់តាមផ្ទះជាប់ជាប្រចាំ ដើម្បីធានាសុខភាពជូនពលរដ្ឋ ដោយឡែក នៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យក្នុងផ្សារជីមាន់ លើគំរូផលិតផលនាំចូលពីប្រទេសវៀតណាម រួមមាន បង្គារ និងមឹកក្លាស្សេ ត្រីងៀតបបែល ត្រីកំពតងៀត ត្រីប្រាស្រស់ និងស្ករត្នោតផលិតក្នុងស្រុក ដោយប្រើឧបករណ៍តេស្តឃីដ ដើម្បីធ្វើតេស្តបឋម រកមើលសារធាតុគីមីហាមឃាត់ហ្វ័រម៉ាលីន, សារធាតុគីមីបូរ៉ាក់ (ទឹកអន្សារ), សូដ្យូមអ៊ីដ្រូស៊ុលហ្វីត (ម្ស៉ៅស) នៅក្នុងផលិតផលទាំងនោះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលមន្ត្រីកាំកុងត្រូល បានរកឃើញវត្តមានសារធាតុគីមី បូរ៉ាក់ មានកំរិតខ្ពស់ ប្រកបដោយគ្រោះថ្នាក់ដល់សុខភាព នៅក្នុងគំរូផលិតផលត្រីបបែលងៀត មន្ត្រីជំនាញបានសម្រេចចិត្តដកហូតត្រីបបែលងៀតចំនួន៥គីឡូក្រាម ដោយមានការយល់ព្រមពីម្ចាស់ទំនិញ ( អ្នកលក់ ) និងធ្វើកំណត់ហេតុដកហូតតាមនីតិវិធី ។ ចំណែកផលិតផលគំរូដទៃទៀតពុំមានវត្តមានសារធាតុគីមី ហាមឃាត់ឡើយ។
លោកបានបន្ថែមទៀតថា ក្រៅពីនោះ មន្ត្រីជំនាញក៏បានយកគំរូផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសវៀតណាមចំនួន ០៩គំរូ ថែមទៀត ដើម្បីបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល។ ទន្ទឹមនោះដែរ សមត្ថកិច្ចជំនាញបានធ្វើការណែនាំអាជីវករ ក៏ដូចជាបានបិទស្លាកអប់រំ ស្តីពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីឱ្យអ្នកលក់ និងអ្នកទិញ បានយល់ជាចំណេះដឹងក្នុងការដាក់តាំងលក់ ចំពោះផលិតផលទំនិញទាំងឡាយប្រកបដោយគុណភាពល្អ៕