(ពោធិ៍សាត់)៖ ដោយសារឥទ្ធិពលនៃការសេពគ្រឿងញៀន បានធ្វើឱ្យបុរសម្នាក់បាត់បង់សតិនៅក្នុងខ្លួន បង្ហាញអាកប្បកិរិយាឆ្កួតលីលា តែងតែរករឿងប្រពន្ធកូន និងឱពុកម្តាយ ដោយបានកាប់បំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះស្ទើររាល់ថ្ងៃ រហូតដល់ឱពុកទ្រាំមិនបាន ក៏បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២៖១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេ ដាលីន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ហង្ស សុឃីម អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានកូនស្រី២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបន្តថា ជនសង្ស័យនេះតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ មិនស្ដាប់ការណែនាំអាណាព្យាបាល និងប្រពន្ធនោះឡើយ ហើយចេះតែរករឿង និងអុកឡុកក្នុងផ្ទះឥតល្ហែ ធ្វើឲ្យឱពុកម្ដាយបងប្អូន និងប្រពន្ធកូនមានផលលំបាកស្ទើររាល់ថ្ងៃ ទើបប៉ុន្មានថ្ងៃកន្លងមកនេះ ជនសង្ស័យបានអុកឡុវវាយខ្ទេចខ្ទីរបស់ក្នុងផ្ទះ ធ្វើឲ្យឪពុកទ្រាំពុំបាន ក៏រាយការណ៍សមត្តកិច្ចនគរបាលឃាត់ខ្លួនបញ្ជូន ទៅមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀនតែម្តង៕