(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ថ្លែងអំណរគុណដល់ប្រជាជន និងប្រធានាធិបតីចិន ស៉ី ជីងពីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រកម្ពុជា កាលពីពេលថ្មីៗនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា ការរៀបចំពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរនាពេលនោះ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជាការបញ្ជាក់សាជាថ្មីនូវភាពរឹងមាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិនយ៉ាងជិតស្និទ្ធ ដែលពុំអាចបំបែកបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖ «អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពថ្លែងអំណរគុណ ដល់ប្រជាជន និងឯកឧត្តមប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន ស៉ី ជីងពីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពីធីបុណ្យចម្រើនព្រះជន្មនាពេលថ្មីៗនេះថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខរដ្ឋ។ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជាការបញ្ជាក់សាជាថ្មីនូវភាពរឹងមាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសាធារណៈរដ្ឋប្រជាមានិតចិនយ៉ាងជិតស្និទ្ធ ដែលពុំអាចបំបែកបានឡើយ»។
គួរបញ្ជាក់ថា លោក ស៉ី ជីនពីង និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងកម្មវិធីជប់លៀងជូនភ្ញៀវជាន់ខ្ពស់អន្តរជាតិ ដែលចូលរួមវេទិកាអរិយធម៌អាស៉ី ក្នុងវិមានសភាប្រជាជនចិន នៅរដ្ឋធានីប៉េកាំង នារាត្រីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ព្រះមហាក្សត្រខ្មែរ មានព្រះជន្មគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សាហើយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានរំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល បានទទួលមហាកិត្តិយស ពីឱកាសនៃការប្រារព្ធអបអរសាទរថ្ងៃកំណើតរបស់សម្ដេច ដែលរៀបចំដោយនាយករដ្ឋមន្រ្ដីជប៉ុន ស៉ីន ហ្ស៊ូអាបេ (Shinzo Abe) កាលពីឆ្នាំ២០១៧ នៅទីក្រុងតូក្យូ។ សម្ដេចតេជោ ក៏បានលើកឡើងនៅក្នុងពិធីខួបកំណើតនោះថា «ខ្ញុំនឹងមិនអាចភ្លេច ថ្ងៃដ៏ស្រស់បវរនេះបានឡើយ»។
អង្គភាពអ្នកនាំពាក្យ បានបញ្ជាក់ជូនជនរួមជាតិ អំពីដំណើរការនយោបាយការបរទេសរបស់កម្ពុជា ដែលបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនយកប្រជាជាតិណាមួយជាសត្រូវ ក៏ប៉ុន្ដែចាត់ទុកប្រជាជាតិទាំងនោះជាដៃគូទៅវិញ ដើម្បីបន្ដរក្សាបានសន្ដិភាព ស្ថិរភាព និងការរីកចម្រើន។ កម្ពុជាបាន និងកំពុងដើរតួយ៉ាងសំខាន់បំផុត ក្នុងកិច្ចចូលរួមរក្សាសន្ដិភាព និងកិច្ចពិភាក្សាផ្សេងៗនៅក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដើម្បីបញ្ចៀសបញ្ហាប្រឈម ឬវិវាទនានា។
កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នាំមុខដោយប្រធានាធិបតីចិន ស៉ី ជីងពីង។ កម្ពុជាដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ក៏បានជួយគាំទ្រ «យុទ្ធសាស្រ្ដសេរី និងចំហ ឥណ្ឌូ-ប៉ាស៉ីហ្វិក» នាំមុខដោយមិត្តជប៉ុនផងដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា គោលជំហរដូចបានជម្រាបជូនខាងលើ គឺជានយោបាយការបរទេសកម្ពុជា ដើម្បីបន្ដរក្សាឱ្យមានសម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍ទាំងអស់ ដោយមិនរើសអើងពណ៌សម្បុរ នយោបាយ ដើម្បីឱ្យកម្ពុជាទទួលបានផលប្រយោជន៍ពីភូមិសាស្រ្ដសេដ្ឋកិច្ច៕
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖