(ភ្នំពេញ)៖ សម្តេច នរោត្តម សិរីវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋាភិបាលជប៉ុនថ្វាយគ្រឿងឥស្សរិយយស «Grand Cordon of the Order of the Rising Sun» សម្រាប់និទាឃរដូវឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលជប៉ុន បានសម្រេចថ្វាយគ្រឿងឥស្សរិយយសថ្វាយសម្តេច នរោត្តម សិរីវុឌ្ឍ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា សម្តេច នរោត្តម សិរិវុឌ្ឍ សិ្ថតក្នុងចំណោមជនបរទេសចំនួន ១៤២រូប ដែលទទួលបានគ្រឿងឥស្សរិយយសនេះ។ បើតាមស្ថានទូតគ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun ត្រូវបានថ្វាយសមេ្តច នរោត្តម សិរីវុឌ្ឍ ដើម្បីទទួលស្គាល់ការរួមចំណែករបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
ស្ថានទូតជប៉ុន បានបង្ហាញផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី សម្តេចបានរួមចំណែកក្នុងការជម្រុញទំនាក់ទំនងទ្វេភាគីមិនត្រឹមតែក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិកនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពផងដែរ។
ស្ថានទូតជប៉ុនបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា និងជប៉ុន បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន អាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេច នរោត្តម សិរីវុឌ្ឍ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គ្រឿងឥស្សរិយយសនេះ ជារៀងរាល់ឆ្នាំរដ្ឋាភិបាលជប៉ុន តែងតែបានផ្តល់ជូនឥស្សរជននយោបាយ ឬប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃ និងបានរួមចំណែកធ្វើឱ្យប្រសើរនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន៕