(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសប្រើវិធានការក្តៅជាបន្ទាន់ លើមន្ត្រីណាដែលមានឈ្មោះបើកប្រាក់ខែ តែមិនមកធ្វើការងារក្រោយពីមានការរអ៊ូរទាំ របស់មន្ត្រីក្រសួងព័ត៌មាន។
ទន្ទឹមនឹងការប្រកាសចាត់វិធានការហើយនោះ លោក ខៀវ កញ្ញារីទ្ធ ក៏បានស្នើឲ្យគ្រប់នាយកដ្ឋានទាំងអស់ បញ្ជូនឈ្មោះ និងរូបថតមន្ត្រីទាំងនោះ ដើម្បីឲ្យលោកបង្ហោះលើបណ្តាញសង្គម Facebook ក្នុងការផ្សព្វផ្សាយជាសាធារណៈផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «ក្រោយពីមានការរអ៊ូរទាំ របស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំឲ្យ គ្រប់អគ្គនាយកដ្ឋានបញ្ជូនឈ្មោះ និងរូបថតមន្ត្រីណាខ្លះ ដែលមានតែឈ្មោះតែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់ រាជរដ្ឋាភិបាល ដើម្បីខ្ញុំបង្ហោះរូប អ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង»៕