Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្ដីកាប់ប្រពន្ធដាច់ក្បាល ក្រោយខឹងគ្រួសារខាងប្រពន្ធ ចង់បំបែកបំបាក់ចំណងស្នេហា នៅស្រុកបាណន់ ខេត្តបាត់ដំបង

21-05-2019 14:16

(បាត់ដំបង)៖ បុរស់ម្នាក់ខឹងក្រុមគ្រួសារខាងប្រពន្ធ ចង់បំបែកប្រពន្ធចេញពីខ្លួន និងមានភ្លើងប្រចណ្ឌផង បានដាច់ចិត្តយកកាំបិតកាប់សម្លាប់ប្រពន្ធខ្លួនឯងដាច់ក ស្លាប់ភ្លាមៗតែម្តង នៅព្រឹកព្រលឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចក្រុមទី១ ភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ បានប្រាប់ភា្នក់ងារ Fresh News ឲ្យដឹងថា បន្ទាប់ពីកើតហេតុហើយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាប្តីបានភ្លាមៗ នាំយកសាកសួរនៅអធិការស្រុកបាណន់ រួចបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ថា ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ និងជនរងគ្រោះជាប្រពន្ធ ឈ្មោះ ម៉ាន់ សុភា អាយុ ៣៧ឆ្នាំ។

ក្រោយបានសារសួរជនសង្ស័យ បានឆ្លើយសារភាពថា កន្លងមកក្រុមគ្រួសារខាងប្រពន្ធ តែងព្យាយាមបំបែកបំបាក់ប្រពន្ធរបស់ខ្លួន យកទៅផ្ទះខាងគ្រួសារខាងប្រពន្ធវិញ និងដោយសារខ្លួនមានភ្លើងប្រចណ្ឌផង ខ្លាចបាត់បង់ប្រពន្ធ ធ្វើឲ្យខ្លួនទប់ចិត្តមិនបាន។

បច្ចុបន្នសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ មកការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕