(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានទទួលស្គាល់ជាផ្លូវការ ក្នុងការតែងតាំងជាបេសកជនពិសេសតំណាងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទី១១ ដែលមានបេសកជនតំណាងប្រទេសប្រចាំនៅ OIC ដូចគ្នានេះ។
លិខិតរបស់លោក Yousef A Al Othaimeen អគ្គលេខាធិការអង្គការ OIC ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅឆ្លើយតបមក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការកោតសរសើរអំពីស្នាដៃ នៃការដឹកនាំ និងការអនុវត្តនូវគោលនយោបាយ សុខដុមបនីយកម្មរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អគ្គលេខាធិការអង្គការ OIC ក៏បានស្វាគមន៍ការតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC។
ក្នុងខ្លឹមសារលិខិតដដែលនេះដែរ លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ថា តាមរយៈការតែងតាំងនេះ គឺពិតប្រាកដណាស់នឹងនាំមមកនូវទំនាក់ទំនង ឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងប្រទេសOIC ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឈានទៅរកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនានាដែលចាំបាច់។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា នៅចំពោះមុខភ្ញៀវកិត្តិយសជាតិ បងប្អូនសាសនិកឥស្លាមជាង ៤,៧៥០នាក់ រួមជាមួយភ្ញៀវអន្តរជាតិ៣៦ជាតិសាសន៍ ព្រមទាំងមានវត្តមានតំណាងរបស់អគ្គលេខាធិការ OIC ផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតែងតាំង លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសតំណាងកម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC។
អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិក ចំនួន៥៧ប្រទេស ដែលជាតំណាងឲ្យប្រជាជនជាង ១ភាគ៥ នៅលើសកលលោក។
អង្គការ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN។ ហើយអង្គការនេះ មានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន១២ (Bosnia and Herzegovina, Central African Republic, Kingdom of Thailand, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភានៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជាជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។
ជាមួយគ្នានេះដែរ ក៏មានបេសកជនពិសេសជាតំណាងប្រទេសចំនួន១០ (USA, French, Canada, UK, Sweden, Italy, Germany, Greece,Australia និងNetherlands)។ កន្លងទៅនេះ កម្ពុជាបានដាក់ពាក្យស្នើសុំចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន៥៦ បានគាំទ្រនៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខាធិការអង្គការ OICផងដែរ៕