(តាកែវ)៖ នាយឧត្តសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្ដដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងពិនិត្យមើលទីតាំងភូមិសាស្ត្រ ព្រមទាំងចំណតរថយន្តត្រៀម ក្នុងឱកាសប្រារព្ធព្រះរាជពិធី ច្រត់ព្រះនង្គ័ល ឆ្នាំ២០១៩ នៅខេត្តតាកែវ។
សូមជម្រាបថា ព្រះរាជពិធីនេះច្រត់ព្រះនង្គ័ល នឹងស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៧៖៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ជាព្រះរាជពិធីមួយមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។
ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕