(កំពង់ធំ)៖ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ បានថ្លែងថា ការសម្រាលកូនមិនមែនជាការងារស្រួលរបស់មនុស្សនោះទេ ដូចនេះស្ដ្រីដែលមានផ្ទៃពោះ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាតដើម្បីមានសុខភាពល្អ ហើយត្រូវទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឱ្យបានទាន់ពេលវេលា។
លោក ឡង គីស៊ឹង បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទីខែ២១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលអាជ្ញាធរស្រុកសណ្ដាន់ សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងអង្គការអាដ្រា ប្រារព្ធទិវាឆ្មបនៅមណ្ឌលសុខភាពឈើទាលឃុំឈើទាល ស្រុកសណ្ដាន់ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែជ្រាបច្បាស់ពីសារសំខាន់ នៃទិវាឆ្មបជាតិ ក្រោមប្រធានបទ ឆ្មបគឺជាអ្នកការពារសិទ្ធិស្ត្រី។ ពិធីនេះមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជិត៤០០នាក់ និងមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា គម្រោងអោប។
លោក កែន ចំរើន អនុប្រធានអង្គការអាដ្រា គម្រោងអោប ប្រចាំស្រុកសណ្តាន់ បានលើកឡើងថា ទិវាឆ្មបជាតិ ក្រោមប្រធានបទ ឆ្មបគឺជាអ្នកការពារសិទ្ធិស្ត្រី មានគោលបំណង ដើម្បីពង្រឹងការយល់ដឹងរបស់ម្តាយរួមមាន៖ បានផ្តល់ចំណេះដឹងចំពោះស្ត្រី និងប្រជាពលរដ្ឋនៅក្នុងសង្គមឲ្យយល់ដឹងអំពីបញ្ហាផ្សេងជុំវិញកំណើត ជាពិសេសការយល់ដឹងអំពីការថែទាំមុន និងក្រោយសំរាល និងជំរុញលើកទឹកចិត្តបុរសត្រូវឲ្យនាំប្រពន្ធ មកសម្រាលនៅមណ្ឌលសុខភាព។
លោក ឡង គីស៊ឹង បានថ្លែងអំណរគុណដល់អង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប ដែលឧបត្ថម្ភដោយកិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍនៅកម្ពុជា ដែលជាប្រទេសមួយ ទើបតែមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានលើកឡើងថា ការសម្រាលកូនមិនមែនជាការងារស្រួលរបស់មនុស្សនោះទេ ដូចនេះស្ដ្រីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ពេលដែលដឹងថា ជិតគ្រប់ខែ ហើយដើម្បីឱ្យការសម្រាលកូនមានសុខភាពល្អ យើងក៏ត្រូវយល់យល់ដឹងពីអាហារូបត្ថម្ភផងដែរ។ គ្រូពេទ្យនៅតាមមណ្ឌលសុខភាព ត្រូវអប់រំដល់មាតាគ្រប់រូប ឱ្យយល់ពីការសម្រាលកូន និងត្រូវធ្វើការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជួយការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
លោក ឡង គីស៊ឹង ក៏បានជំរុញដល់គ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវា ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ជាពិសេសមណ្ឌលសុខភាព ត្រូវមានគ្រូពេទ្យ ប្រចាំការជាប្រចាំ សម្រាប់ជួយបងប្អូនដែលមានបញ្ហាសុខភាព និងទទួលសេវាផ្សេងៗ ជាពិសេសត្រូវអប់រំមាតាឱ្យយល់ដឹងពីការសម្រាលកូន និងការថែទាំទារក ព្រមទាំងថែទាំសុខភាពមាតាផ្ទាល់ ពេលមានជំងឺបងប្អូនត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះជាមួយលោកគ្រូពេទ្យ ត្រូវព្យាយាមអប់រំ និងផ្សព្វផ្សាយពីសេវាព្យាបាលជម្ងឺ។ ក្នុងនោះលោកក៏បានផ្ដាំផ្ញើរឱ្យប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពហូបស្អាត ទឹកស្អាត និងរស់នៅស្អាតដើម្បីមានសុខភាពល្អ ជាពិសេសខ្លួនយើងជួយខ្លួនយើងជាមុនសិន៕