(ព្រះសីហនុ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចាត់វិធានការក្តៅ ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍, ការពារបរិស្ថានអនាម័យ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅគោលដៅ P4 P6 និងគោលដៅផ្សេងៗទៀត ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ទោ បានចុះឃាត់រថយន្តដឹកដីទាំងតូចទាំងធំ ចំនួន ៣៥គ្រឿង យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី និងផាកពិន័យតាមច្បាប់។
លោកបន្តថា ក្រៅពីនេះ កម្លាំងនគរបាលក៏បានពិន័យ និងណែនាំរថយន្តដឹកដី ឲ្យលាងសម្អាតជុំវិញរថយន្ត, បកកញ្ចក់រថយន្តបិតខ្មៅ, រថយន្តដឹកដីមិនគ្របឲ្យបានត្រឹមត្រូវ និងរថយន្តប្រឡាកដីជាដើម ឲ្យលាងរថយន្ដរបស់ខ្លួនឲ្យបានស្អាតជាមុនៗ បើកធ្វើចរាចរណ៍នៅលើដងផ្លូវ។
ស្នងការរងនគរបាលខេត្តព្រះសីហនុ បានរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធឲ្យចូលរួមសហការជាមួយអាជ្ញាធរឲ្យបានទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានក្នុងក្រុង, កាត់បន្ថយការកកស្ទះ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះចំនួននាខេត្តព្រះសីហនុ៕