(បន្ទាយមានជ័យ)៖ លោក ហង្ស ស៊ីផា សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ទើបកម្ពុជាទទួលបាននូវភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ មិនថានៅទីក្រុង ឫជនបទឡើយ។
លោក ហង្ស ស៊ីផា បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបញ្ចុះបឋមសិលា សាងសង់អគារ១ខ្នង ៤បន្ទប់ ដែលចំណាយថវិកាជាង ៣ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមពី លោកអភិបាលស្រុកស្វាយចេក លោកមេឃុំទ្រាស សមាជិកក្រុមប្រឹក្សាស្រុក លោកតា លោកយាយ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ហង្ស ស៊ីផា បានបញ្ជាក់ទៀតថា សាលារៀននាពេលបច្ចុប្បន្ននេះ គឺបានទទួលសិស្សានុសិស្ស មកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរៀនសូត្រស្វែងរកចំណោះដឹង ហើយការចុះជួយនេះដែរ គឺមិនបានប្រកាន់ពណ៍សំបុរ និន្នាការ មិនរើសអើងនោះទេ គឺត្រូវចេះបង្កើតវប្បធម៌ប្រមូលផ្តុំគ្នា និងមានភាពសាមគ្គីគ្នា។ អ្នកថា មិនដូចអ្នកធ្វើទេ សម័យនេះហើយ កុំបន្តសកម្មភាពភូតភរ កុហក នយោបាយគ្មានព្រំដែន នយោបាយក្រៅប្រទេស បើខ្លាំងចឹង មកធ្វើសាលារៀន ធ្វើថ្នល់ឱ្យការរីកចំរើនដូចសព្វថ្ងៃនេះមើល កុំចេះតែស្រែក លាបពណ៌តាមបណ្តាញសង្គមហ្វេសបុក ទាល់តែមកដល់កម្ពុជា បានដឹងថាប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍយ៉ាងណា ។
លោក ហង្ស ស៊ីផា បានអំពាវនាដល់កម្លាំងប្រដាប់អាវុធ ប្រជាការភូមិ ប្រជាពលរដ្ឋគ្រប់រូបត្រូវជៀសឱ្យផុតពីគ្រឿងញៀន ហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់កម្លាំងប្រជាការពារភូមិ មេភូមិ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ដែរជិតយើង។ ហើយគ្រឿងញៀន បានបំផ្លាញអនាគតដល់មនុស្សគ្រប់រូប ដូចនេះយើងទាំងអស់គ្នាត្រូវឆ្លើយទេចំពោះគ្រឿងញៀន។
នាឱកាសនោះដែរ សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក មេឃុំ បានផ្តល់នូវសៀវភៅ ប៊ិច និងថវិកា មួយចំនួនដល់សិស្សានុ សិស្ស ប្រមាណជា៣០០នាក់ផងដែរ៕