(មណ្ឌលគីរី)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើឲ្យប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគីរីថ្មី ដែលទើបឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវពង្រឹងការងារ និងតួនាទីបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យបានល្អប្រសើរ និងបន្តយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ជាពិសេស ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងគោរពតួនាទី ការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ។

ការស្នើរបស់រដ្ឋមន្រ្តី វង សូត នាពេលនេះបានធ្វើឡើង នៅក្នុងឱកាសដែលលោក និងលោស្រី ព្រមទាំងមន្រ្តីក្រសួង និងមន្ទីរសង្គមកិច្ច, លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគីរី និង មន្រ្តីរាជការ និងកងកម្លាំងអាវុធហត្ថជាច្រើននាក់ទៀត ចូលរួមនៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគីរីថ្មី លោក ខឹម សុផុន ជំនួសលោក ខឹម ចាន់ផល ដែលបានរៀបចំឡើង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្រោយទទួលបានតំណែងជាផ្លូវការលោក ខឹម សុផុន ដែលទើបបានក្លាយជាប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគីរី បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបំពេញការងារឲ្យបានល្អ ហើយនឹងគោរពតាមតួនាទី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អបំផុត។

បើយោងតាមរបាយការណ៍លោក ខឹម ចាន់ផល អតីតប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគីរី ដែលទើបចូលនិរត្តន៍នាពេលនេះ បានបញ្ជាក់ឲ្យដឹងថា ការងារកន្លងមក បានបង្ហាញយ៉ាងច្បាស់ថា មន្រ្តីរាជការរបស់មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគីរី មានការសហការគ្នាបានល្អ និងមានសាមគ្គីភាបផ្ទៃក្នុង ក្នុងការអនុវត្តការងារពុំដែលមានបញ្ហាអ្វីកើតឡើងឡើយ ហើយក៏មិនដែលមានការប្តឹងតវ៉ា ឬដាក់ពិន័យផ្នែករដ្ឋបាលឡើយ។ ចំណែក ការបំពេញការងារ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺដំណើរការបានល្អ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា៕