Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វាយវាំង គង់ សំអុល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តតាកែវ

21-05-2019 12:12

(តាកែវ)៖ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាព នៃការរៀបចំ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងពិព័រណ៍ផលិតផល កសិកម្ម សិប្បកម្មកែឆ្នៃផលិតកម្ម កសិកម្មក្នុងស្រុក។

ក្នុងនោះផងដែរ ក៏មានការចូលរួមអមដំណើរ ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការ រៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល។

ព្រះរាជពិធីនេះ នឹងស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៧៖៣០នាទីព្រឹក នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ជាព្រះរាជពិធីមួយមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។

ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕