(ភ្នំពេញ)៖ ក្រុមអ្នកជិះកង់ប្រមាណ ២០០នាក់ កាលពីចុងសប្តាហ៍កន្លងមកនេះ បាននាំគ្នាជិះកង់ ពីចំណុចសណ្ឋាគារសុខា ដើម្បីធ្វើសកម្មភាពសប្បុរសធម៌ ជួយដល់សិស្សានុសិស្ស ២៤៨នាក់ នៅសាលាចុងកោះឧកញ្ញ៉ាតី ស្ថិតក្នុងភូមិឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រុមអ្នកជិះកង់ទាំងនេះ បាននាំយកសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ២៤៨នាក់ ដោយក្នុងម្នាក់ៗទទួលបានកាបូបសិក្សាមួយ សៀវភៅពីរក្បាល ប៊ិចពីរដើម ខ្មៅដៃពីរដើម ដែកខួងមួយ បន្ទាត់មួយ និងថវិកា ប្រាំពាន់រៀល។ ដោយឡែកលោកគ្រូអ្នកគ្រូ ៨នាក់ ទទួលបានសៀវភៅពីរក្បាល ប៊ិចពីរដើម ដែកខួងមួយ បន្ទាត់មួយ ថវិកា២ម៉ឺនរៀល ព្រមទាំងថវិកាឧបត្ថម្ភ ៤០ម៉ឺនរៀល ដល់សាលាបឋមសិក្សាចុងកោះឧកញ៉ាតី ។

លោក ឈាន សុវណ្ណរតនា ប្រធានសមាគមយុវជនស្ម័គ្រចិត្តខ្មែរ បានណែនាំឲ្យសិស្សានុសិស្សខំប្រឹងរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន និងសូមឲ្យបន្តសកម្មភាពសប្បុរសធម៌ ព្រមទាំងគិតពីសុខភាពបានច្រើន ដូចគ្នានឹងកម្មវីធីជិះកង់សប្បុរសធម៌នេះ។

លោក ឈាន សុវណ្ណរតនា បានលើកឡើងថា គំនិតបង្កើតកម្មវិធីជិះកង់សប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងជួយដល់សិស្សានុសិស្ស ដែលមានការខ្វះខាតសម្ភារសិក្សា ក៏ដូចជា កាត់បន្ថយការចំណាយរបស់មាតាបិតាសិស្ស បូករួមទាំងការជិះកង់ ដើម្បីសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់យុវជន ទទួលបានបទសោធន៍ក្នុងការជិះកង់ ជាក្រុមព្រមទាំងលើកកំពស់ក្នុងវិស័យជិះកង់ ឲ្យកាន់តែមានប្រជាប្រិយភាពឡើង៕