(កំពត)៖ មន្ដ្រីជាន់ខ្ពស់សាលាខេត្តកំពត បានអះអាងថា ករណីបោះបង្គោលនៅក្នុងទឹកសមុទ្រដែលធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Facebook នោះ ក្រុមមន្ដ្រីជំនាញត្រូវប្រើពេលមួយ ឬពីរថ្ងៃទៀត ដើម្បីប្រមូលឯកសារពាក់ព័ន្ធទាំងឡាយ ថាតើការធ្វើបែបនេះខុសឬត្រូវ? មុនមានចំណាត់ការបន្ដតាមផ្លូវច្បាប់។
កាលពីថ្ងៃម្សិលមិញ ក្រោមការបញ្ជារបស់អភិបាលខេត្តកំពត លោក ជាវ តាយ មន្ដ្រីជំនាញមួយក្រុមរបស់ខេត្តក្រោមការដឹកនាំពីសំណាក់លោក នៃ គង់ អភិបាលរងខេត្ត បានចុះទៅដល់ទីតាំងនៃការបោះបង្គោលក្នុងទឹកសមុទ្រស្ថិតនៅតំបន់ភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ អភិបាលរងខេត្ត លោក នៃ គង់ បានបញ្ជាក់ថា ក្រោយការចុះពិនិត្យជាក់ស្ដែងកាលពីម្សិលមិញនោះ ក្រុមមន្ដ្រីមិនទាន់ទទួលបានលទ្ធផលផ្លូវការនៅឡើយនោះទេ ដោយត្រូវប្រមូលឯកសារ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត។
លោក នៃ គង់ បានបញ្ជាក់ថា «មន្ដ្រីរបស់យើងកំពុងស្រាវជ្រាវរកឯកសារមួយថ្ងៃ ឬពីរថ្ងៃនោះទៀត តែពេលចុះទៅដល់ទីនោះ ប្រជាពលរដ្ឋបានប្រាប់ថា ការបោះបង្គោលនេះធ្វើឡើងយូរណាស់មកហើយ»។
បើតាមអភិបាលរងខេត្ត ក្រុមមន្ដ្រីជំនាញក៏បានបញ្ជាក់ផងដែរថា ដីតំបន់នេះក៏មានកម្មសិទ្ធិ ប៉ុន្ដែមិនទាន់បានឃើញឯកសារជាក់ស្ដែងនៅឡើយទេ។
មន្ដ្រីជលផលមួយរូប ដែលចូលរួមចុះទៅកាន់ទីតាំងខាងលើ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ទំហំដីនៅតំបន់មានចំនួន៤៥,៦១៤ហិចតា ហើយកាលពីឆ្នាំ២០០៨កន្លងទៅ មានស.ជ.ណ របស់សាលាខេត្ត ប្រគល់ឲ្យប្រជាពលរដ្ឋ១២គ្រួសារ ដែលអះអាងថា ធ្លាប់ចិញ្ចឹមក្ដាមបង្គារ ប៉ុន្ដែប្រជាពលរដ្ឋជាក់ស្ដែងទាំង១២គ្រួសារនោះ មិនដឹងនៅទីណានោះទេ ហើយដីតំបន់នេះក៏បានលក់តគ្នារហូតមកដល់ពេលនេះតែម្ដង។
ពាក់ព័ន្ធករណីនេះ អភិបាលខេត្តកំពត ក៏បានបញ្ជាក់ពីចំណាត់ការថា «បើសិនរកឃើញ និងស្រាវជ្រាវទៅពិតជាខុសច្បាប់មែននោះ នឹងឲ្យដកបង្គោលនោះចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាទទីនៅក្នុងទឹកសមុទ្រនោះឡើយ»។
ចំណែកមន្ដ្រីជាន់ខ្ពស់មួយរូបនៅខេត្តកំពត ក៏បានឲ្យដឹងថា ការបោះបង្គោលនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលតាំងពីជំនាន់អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មកម្ល៉េះ ហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្ដែដោយសារតែទឹកជោរ (ទឹកឡើងខ្លាំង) មើលឃើញរូបភាពយ៉ាងដូច្នេះ។
យ៉ាងណាក៏ដោយមន្ដ្រីរូបនេះ បានបញ្ជាក់ថា ដីតំបន់ខាងលើខ្លះក៏មានប្លង់ ខ្លះក៏អត់មានប្លង់ ហើយម្ចាស់ដីក៏សុទ្ធតែមន្ដ្រីគ្រាក់ៗទៀតផង។
សម្រាប់ករណីនេះ ប្រជាពលរដ្ឋកំពុងតែរង់ចាំការពន្យល់ជាផ្លូវការពីអាជ្ញាធរជៀសវាងមានការភ័ន្ដច្រឡំ ឬយល់ខុសដោយប្រការណាមួយ៕