(កំពង់ចាម)៖ អាគារធ្វើការថ្មីមួយខ្នង នៅអធិការដ្ឋាននគរបាលស្រុកកងមាស ដែលជាគំនិតផ្ដួចផ្ដើមរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មឿន ផា អភិបាលស្រុកកងមាស ព្រមទាំងលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការសឹករងស្រុក លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ លោកអធិការ អធិការរងនគរបាលស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងព្រះសង្ឃ ប្រជាពលរដ្ឋ សរុបចំនួន២០១នាក់។
អគារថ្មីដែលទើប នឹងសាងសង់ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានបណ្តោយប្រវែង១៥ម៉ែត្រ និងទទឹង៧,៥ម៉ែត្រ មាន០៤បន្ទប់ ធ្វើអំពីថ្មប្រក់សង្ក័សី សំរាប់បំពេញឲ្យផ្នែកព្រហ្មទណ្ឌ, សន្តិសុខ, គ្រឿងញៀន និងអត្តសញ្ញាណកម្ម ដោយកសាងអស់ថវិកាចំនួន១៨,១១០ដុល្លារ និងប្រាក់ខ្មែរ ១១,៨៦០,០០០រៀល។
ការកសាងអាគារនេះ កើតឡើងពីការឧបត្ថម្ភពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ព្រមទាំងសប្បុរសជននៅក្នុងមូលដ្ឋាន និងមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីព្រះសង្ឃ និងកងកម្លាំងនគរបាល ព្រមទាំងមន្ត្រីរាជការមួយចំនួនផងដែរ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ ពីសំណាក់លោកអធិការ ពីសារបាននៃស្នាដៃសាងសង់ក្នុងអធិការដ្ឋាន និងការលើកសរសើររបស់លោកអភិបាល ស្រុកជុំវិញការងាររបស់នគរបាលស្រុកកងមាសចប់។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចូលរួមសំណេះសំណាល និងនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងចូលរួមអបអរសាទរ សមិទ្ធិផលថ្មីនេះ ព្រមទាំងកោតសរសើរចំពោះសប្បុរសជន ដែលចូលរួមក្នុងការសាងសង់នេះ ជាវប្បធម៌នៃការចែករំលែកមួយដ៏ល្អប្រសើរ។
ចុងក្រោយនៃកម្មវិធី លោកស្នងការ និងលោកអភិបាលស្រុក ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភក្នុងការកសាងអគារថ្មីនេះ និងបានផ្ដល់កិត្តិយសកាត់ខ្សែបូរណ៍សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការ របស់អធិការដ្ឋាននគរបាលស្រុកកងមាស ចាប់ពីពេលនេះតទៅ៕