(ភ្នំពេញ)៖ អ្នកស្រី យ៉ង់ សារឹម ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលបានសល់ជីវិតពីក្នុងរបបខ្មែរក្រហម។ មកដល់ពេលបច្ចុប្បន្នបើទោះបីរបបមួយនេះ ត្រូវបានវាយផ្តួលរំលំរយៈ ៤០ឆ្នាំទៅហើយក្តី តែស្រ្តីដែលមានវ័យ ៧៥ឆ្នាំរូបនេះ នៅតែចងចាំរាល់ភាពខ្លោចផ្សារ និងទុក្ខវេទនាទាំងឡាយដែលអ្នកស្រីបានជួបប្រទះនៅក្នុងរបបមួយនេះ។
ក្នុងថ្ងៃទិវាជាតិនៃការចង់ចាំនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកស្រី យ៉ង់ សារឹម បានរំលឹកប្រាប់ Fresh News ថា នៅមុនរបប ប៉ុល ពត ឈានចូលមកដល់លោកស្រី និងស្វាមីរស់នៅក្នុងខេត្តស្វាយរៀង។ លុះរបបប៉ុលពតឈានចូលមកដល់អ្នកស្រី និងស្វាមី ត្រូវបានគេជម្លៀសមកកាន់ខេត្តពោធិ៍សាត់ និងបង្ខំឱ្យធ្វើការយ៉ាងទារុណដូចប្រជាពលរដ្ឋខ្មែរដទៃទៀតផងដែរ។
អ្នកស្រី បានរំលឹកទៀតថា ក្នុងរបបមួយនេះបានធ្វើឱ្យអ្នកបាត់បង់ស្វាមី និងកូនៗ៣នាក់ ព្រមទាំងសាច់ញាតិមួយចំនួនទៀត។ អ្នកស្រី យ៉ាង សារឹម ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏បានរំលឹកនូវរឿងរ៉ាវលំបាកវេទនាជាច្រើនផ្សេងទៀតនៅក្នុងជីវិតក្នុងនាមជាស្ត្រីមេម៉ាយ តស៊ូចិញ្ចឹមកូនៗក្រោយរបបខ្មែរក្រហមបានដួលរលំ។
របបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជារបបដ៏ព្រៃផ្សៃមួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ប្រជាពលរដ្ឋខ្មែរជាង ២លាននាក់បានស្លាប់បាត់បង់ជីវិត ដោយការសម្លាប់ ការធ្វើការដោយទារុណ ការភៀសខ្លួន និងជំងឺផ្សេងៗ។
ដើម្បីរំលឹកដល់ភាពឃោរឃៅរបស់អ្នកដឹកនាំខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងក៏ដូចជាទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបនោះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឱ្យមានទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៣មក។ មានក្រុមមនុស្សមួយចំនួនចាត់ទុកការប្រារព្ធទិវានេះជារឿតឥតប្រយោជន៍។
តែសម្រាប់អ្នកស្រី យ៉ង់ សារឹម វិញមិនបានយល់ដូចក្រុមមនុស្សមួយចំនួននោះឡើយ។ អ្នកស្រី ចាត់ទុកទិវានេះ គឺជាទិវាដ៏សំខាន់មួយសម្រាប់ជាតិ ដោយមិនត្រឹមតែឱ្យពលរដ្ឋខ្មែរបានចងចាំនូវទង្វើដ៏ព្រៃផ្សៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះទេ តែក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សាការពារឱ្យបាននូវសុខសន្តិភាពរបស់ជាតិ កុំឱ្យជាតិធ្លាក់ក្នុងភាពវិនាសកម្មដូចអតីតកាលបន្តទៅទៀត៕