(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា ប្រធានគណៈកម្មាធិការទី១០ អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត កើតមានជាលើកទី២ នៅប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ របស់លោក ម៉ម ប៊ុននាង បានធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស បានរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម សង់ទន្លេបាទី ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បន្ថែមពីនេះលោក ក៏ជំរុញឱ្យប្រជាពលរដ្មខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខិតខំប្រឹងរកបានដោយលំបាកនេះ ឱ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចរួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជា ឱ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុននាង បានថ្លែងថា បច្ចុប្បន្ន ប្រជាជនកម្ពុជា រស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព ហើយកំពុងខិតខំបញ្ចេញអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍមាតុភូមិខ្លួនឱ្យកាន់តែរីកចម្រើនខ្លាំង និងរួមគ្នាលុបបំបាត់ នូវរាល់ស្លាកស្នាមដ៏ឈឺចាប់ ខ្លោចផ្សាបំផុត ដែលសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានបន្សល់ទុក។ ពេលនេះទោះបីយើងកំពុងរស់នៅ យ៉ាងសុខសាន្តក្តីក៏យើងមិនអាចភ្លេចបានឡើយនូវអតីត ដ៏ខ្មៅងងឹតបំផុតនៃមាតុភូមិ និងប្រជាជាតិយើងដែលត្រូវគ្របដណ្តប់ដោយសង្គ្រាម និងឧក្រិដ្ឋកម្មយង់ឃ្នង ក្រាលជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។
លោក ម៉ម ប៊ុននាង បានលើកឡើងថា ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងិត បានកន្លងផុតទៅ៤ទស្សវត្ស ក៏ដោយចុះតែស្លាកស្នាម នៃសោកនាដកម្មប្រល័យពូជសាសន៍ នៅតែដក់ជាប់ក្នុង បេះដូងកូនខ្មែរគ្រប់ៗរូប និងហាក់ដូចជានៅថ្មីៗស្រស់ៗនៅឡើយ។ មហាសោកនាដកម្ម និងវិនាសកម្ម ប្រល័យពូជសាសន៍ នៃរបបដ៏ព្រៃផ្សៃ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើឱ្យជីវិតជនស្លូតត្រង់ នៃប្រជាជន កម្ពុជាជាង៣លាននាក់ ត្រូវបានសម្លាប់ និងរាប់លាននាក់ទៀត បានព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ ដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។
ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើមមាននៅពាសពេញផ្ទៃប្រទេស ក្រោមស្នាដៃតែ១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះ ជាប្រវត្តិសាសន៍របស់ប្រជាជនកម្ពុជា ដែលបាន វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាបសង្គម។
នៅក្នុងឱកាសនោះដែរ លោកក៏បានក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះរួបរួមសាមគ្គីគ្នា ជាពិសេសក្មួយៗជាយុវជនយុវតី ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវចុលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕