(ភ្នំពេញ)៖ ស្របពេលដែលបច្ចុប្បន្ន កំពុងកញ្ជ្រោលយ៉ាងខ្លាំង ចំពោះការពុះដីឡូដិ៍លក់ និងការអភិវឌ្ឍន៍លំនៅដ្ឋាននោះ, លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានលើកឡើងថា អតិថិជនគួរតែស្វែងយល់ពីបញ្ហាមួយចំនួនជាមុខសិន ដើម្បីគេចឲ្យផុតពីការបោកប្រាស់ នៅពេលទិញគម្រោងដីឡូតិ៍ និងលំនៅដ្ឋាន។
ការលើកឡើងរបស់លោកបណ្ឌិត គឹម ហ៊ាង បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ក្រោមប្រធានបទ «វិធីទិញគម្រោងដីឡូតិ៍ និងលំនៅដ្ឋាន គេចឲ្យផុតពីការទិញប៉ះចំគម្រោងបោកប្រាស់» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News។
លោកបានបញ្ជាក់ថា «ជាហេតុចម្បងមួយ ដែលមិនអាចមើលរំលងបានពីអតិថិជន នៅពេលទិញដីឡូតិ៍ ឬលំនៅដ្ឋានសម្រាប់រស់នៅនោះ គឺកត្តាដំបូងមុននឹងសម្រេចចិត្តទិញ ក្នុងនោះត្រូវស្វែងយល់ពីព័ត៌មាននានាដូចជា៖ ទី១ ត្រូវដឹងថាគម្រោងនោះស្ថិតនៅទីណា ហើយពិតជាមានដី ឬការសាងសង់ពិតប្រាកដមែន, ទី២ ស្វែងរកថា ដីឬលំនៅដ្ឋាននោះមានប្លង់ត្រឹមត្រូវដែលឬទេ, ទី៣ ឈ្មោះអ្នកដែលឈរលក់ ឬក្រុមហ៊ុនដែលឈរលក់គម្រោងនោះពិតជាម្ចាស់ដីមែន ឬមិនមែន ហើយមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ដែលឬទេ, ទី៤ មានសកម្មភាពសាងសង់នៅលើគម្រោងនោះ, និងទី៥ ត្រូវស្វែងរកឯកសារដែលពាក់ព័ន្ធ និងគម្រោងនោះនៅអជ្ញាធរសុរិយោដី»។
លោកបញ្ជាក់ទៀតថា ចំពោះបញ្ហាបោកប្រាស់នេះ បើពីមុនទៅមានវាខ្វះព័ត៌មាន ខ្វះការសហការគ្នា គឺវាមានមែន តែមកដល់ឆ្នាំ២០១៩ហើយ គឺការបោកប្រាស់នេះ វាគួរតែត្រូវបំបាត់ចោលហើយ ព្រោះបច្ចុប្បន្នមានការបើកចំហ មិនថាតាមប្រព័ន្ធផ្សព្វផ្សាយ ឬប្រព័ន្ធអ៊ីនធើណេតឡើយ។
លោកបានជូនជាយោបល់ថា ការពុះដីឡូតិ៍ណាដែលមានទំហំ១ទៅ២ហិកតា គឺមិនគួរអនុញ្ញាតឲ្យពុះដីឡូតិ៍ទេ ព្រោះផ្ទៃដីតូចពេក វាអាចជាបញ្ហាសម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលវាបង្កឲ្យមានភាពលំបាកដល់ប្រជាជន ដែលរស់នៅក្នុងគម្រោងនោះផងដែរ៕