(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រះសង្ឃ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលត្រូវរបបប្រល័យពូជសាសន៍កាប់សម្លាប់ជាង ៣លាននាក់។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅ ស្តុបតម្កល់អដ្ឋិធាតុ របស់ជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ នៅវត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះដែរ លោក អ៊ុ រាត្រី បានថ្លែងថា ការប្រារព្ធទិវានេះឡើង ដើម្បីរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី។
លោកអភិបាលខេត្តបន្តថា ២០ ឧសភា ជាថ្ងៃចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។ មូលហេតុដែលកំណត់យកថ្ងៃនេះ ព្រោះកាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើត របស់សហករណ៍ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តរហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជា ទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោចផ្សា និររាសព្រាត់ប្រាស និងរលាយរលត់ធ្លាក់ដល់ចំណុចសូន្យ។
លោកអភិបាលខេត្តបានសង្កត់ថា សកម្មភាពវីរៈភាពរបស់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះប្រទេសជាតិ បង្រួបបង្រួមជាតិ កសាងជាតិទម្រាំសុខសាន្ត សន្តិភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាគាំទ្រគណបក្សប្រជាជន ដើម្បីគណបក្សប្រជាជន ពិសេសសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិតទៅទៀត។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលធានាការពារបានសុខសាន្តជូនប្រជាពលរដ្ឋរស់ ក្នុងក្តីសុខសុភមង្គល និងសន្តិភាពយូរអង្វែង។
ពិធីនេះ ក៏បានរៀបចំពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ១០០អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ ក្នុងរបបពិឃាតឃោរឃៅនេះជាង ៣លាននាក់៕