(ភ្នំពេញ)៖ បច្ចុប្បន្ននេះការផ្គត់ផ្គង់សម្រាប់សាច់ជ្រូកក្នុងស្រុក មិនទាន់គ្រប់គ្រាន់តម្រូវការទីផ្សារនៅឡើយទេ ដែលទាមទារឲ្យមានការអនុញ្ញាត នាំចូលពីប្រទេសជិតខាងកម្ពុជា ក្នុងមួយថ្ងៃពី១០០០ក្បាល ទៅ១៥០០ក្បាល។
ប្រទេសវៀតណាម ដែលកន្លងមកធ្លាប់តែអនុញ្ញាតនាំចូលដែរនោះ ពេលនេះត្រូវបានហាមឃាត់ទាំងស្រុង និងចាក់វិធានការតឹងរឹង ដើម្បីការពារការលួចនាំចូលដោយខុសច្បាប់ ក៏ព្រោះតែបារម្ភខ្លាចជ្រូកទាំងនោះ បង្កការចម្លងជំងឺដល់កម្ពុជា។ ខណៈខេត្តមួយរបស់កម្ពុជា នៅជាប់ព្រំដែនវៀតណាម គឺខេត្តរតនគិរី បានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ដើម្បីបំពេញតម្រូវការសាច់ជ្រូកក្នុងទីផ្សារ ក្រសួងកសិកម្មបានអនុញ្ញាត ឲ្យមានការនាំចូលជ្រូកពីប្រទេសថៃ។ កម្ពុជាមិនអាចបិទមិនឲ្យមានការនាំចូលទាំងស្រុងឡើយ បើបិទទាំងស្រុង នឹងប៉ះដល់អ្នកហូបសាច់ជ្រូក ព្រោះតែតម្លៃត្រូវឡើងថ្លៃខ្ពស់។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាព សត្វ និងផលិតកម្មសត្វនៃ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា «រាល់ថ្ងៃនេះ យើងមិនបាននាំចូលជ្រូកពីវៀតណាមទេ ព្រោះយើងខ្លាចចម្លងជំងឺមកខេត្តផ្សេងទៀតរបស់កម្ពុជា ដូច្នេះយើងឲ្យនាំចូលជ្រូកមកពីថៃ ដែលថៃមិនមានផ្ទុះជំងឺទេ»។
លោកថា «កម្ពុជាមានកង្វះខាតជ្រូកពី១០០០-១៥០០ក្បាលក្នុងមួយថ្ងៃ ដែលទាមទារឲ្យមានការនាំចូលពីប្រទេសជិតខាត ហើយពេលនេះប្រទេសវៀតណាម ដែលផ្ទុះជំងឺនោះ យើងបិទមិនឲ្យមានការនាំចូលទេ ប្រសិនបើហ៊ាននាំចូលយើងចាប់។ ចំណែកឯកប្រទេសថៃ ដែលមិនមានការផ្ទុះជំងឺនោះ គឺមិនអនុញ្ញាតឲ្យយើងនាំចូលទៅគេទេ និងថែមទាំងពង្រឹងការធ្វើអនាម័យម៉ត់ចត់ថែមទៀត ចំពោះជ្រូកដែលនាំពីថៃមកកម្ពុជា»។
លោកសារភាពថា ជ្រូកក្នុងស្រុកមិនអាចផ្គត់ផ្គង់ តម្រូវការក្នុងស្រុកគ្រប់គ្រាន់នោះទេ ដោយសារតែប៉ុន្មាន៣-៤ឆ្នាំមុន កសិករភាគច្រើនបានបោះបង់ការចិញ្ចឹមជ្រូកចោល ក៏ព្រោះមិនអាចទ្រាំទ្រនូវការខាតបង់។ ខាតបង់ដោយសារតែការហូរចូលជ្រូកមកពីវៀតណាម ក្រោយប្រទេសចិន ឈប់អនុញ្ញាតឲ្យនាំចូលដោយសារផ្ទុះជំងឺ។
កាលពីពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកបង្កើនការចិញ្ចឹមជ្រូក ដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា បន្ទាប់ពីកម្ពុជាបានឲ្យផ្អាកមិនឲ្យនាំចូលជ្រូកពីបណ្ដាប្រទេសជិតខាង ដែលមានផ្ទុះជំងឺ ដើម្បីចៀសការឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក។
យោងតារាងតម្លៃសាច់ជ្រូករស់ របស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅសប្តាហ៍នេះ បានឲ្យដឹងថា តម្លៃជ្រូករស់ជាមធ្យមតម្លៃ១១០០០រៀលក្នុង១គីឡូក្រាម។ ស្ថិតិរបស់សមាគមក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល៕