Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ពានអាកាស និងផ្លូវបេតុង តម្លៃជិត ៧០ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ និងបញ្ចុះបឋមសិលាកសាងនៅខេត្តកំពង់ស្ពឺ

20-05-2019 14:22

(កំពង់ស្ពឺ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីបណ្ឌិត សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ដែលបានស្ថាបនារួចជាជំនួយរបស់លោកស្រីបណ្ឌិត សៀង ចាន់ហេង តម្លៃជាង ៣៤ម៉ឺនដល្លារ។

ជាមួយគ្នានោះ នៅព្រឹកថ្ងៃដដែលនេះ ក៏បានធ្វើពិធីបញ្ចុះបឋមសិលាកសាងស្ពានអាកាស (Sky Walk) សម្រាប់ថ្មើជើង ដែលត្រូវចំណាយទឹកប្រាក់ជាង ៣៤ម៉ឺនដុល្លារទៀត។

លោក វ៉ី សំណាង បានថ្លែងដោយមោទនភាពថា ថ្ងៃនេះប្រជាជនខេត្តកំពង់ស្ពឺ បានទទួលនៅសមទ្ធិផលចំនួន ២ព្រមគ្នា ដែលជាជំនួយពីទឹកចិត្តដ៏ជ្រះថ្លារបស់លោកស្រីបណ្ឌិត សៀង ចាន់ហេង។ លោកថា ដោយការអាណិតស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ លោកស្រីបានចំណាយថវិកាផ្ទាល់ខ្លួន មកអភិវឌ្ឍន៍ក្នុងខេត្តកំពង់ស្ពឺគ្រប់វិស័យជាង ២លានដុល្លារ រួចទៅហើយ នេះមិនរាប់បញ្ចូលការចំណាយផ្សេងៗបន្ថែមនោះទេ។

លោកអភិបាល បានថ្លែងទៀតថា ទោះបីលោកស្រីបណ្ឌិត បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាជនក្នុងខេត្តប្រើប្រាស់ជាច្រើនមែន តែក្រុមហ៊ុនលោកស្រី គ្មានមុខរបររកស៊ីក្នុងខេត្តនេះទេ ហើយសង្ឃឹមថា លោកស្រីនឹងបន្តជួយកសាងជូនប្រជាជនខេត្តកំពង់ស្ពឺ ថែមទៀតផងដែរ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា កត្តាអភិវឌ្ឍន៍ និងការរីកចម្រើនដ៏ច្រើន ក្នុងពេលបច្ចុប្បន្នបែបនេះ ដោយសារបងប្អូនពលរដ្ឋបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជន បានដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកបដោយឆន្ទៈស្នេហាជាតិ ស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសជាតិ ឈរលើគោលការអភិវឌ្ឍន៍គ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ ញាំងឲ្យបងប្អូនប្រជាពលរដ្ឋ មានការងារធ្វើ មានប្រាក់ចំណូលខ្ពស់ មានជីវភាពរស់នៅប្រចាំថ្ងៃបានប្រសើរគ្រប់ៗគ្នា៕