(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំដំណើរទស្សនកិច្ចសិក្សា សម្រាប់និស្សិតអាហារូបករណ៍ជំនាន់ទី២ របស់ក្រុមហ៊ុន ជីប ម៉ុង ចំនួន ១៦រូប ទៅកាន់រោងចក្រធំៗចំនួន៣ របស់ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុនកាលពីចុងសប្តាហ៍មុន។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតទាំង១៦រូប ចុះទៅស្វែងយល់ពីសកម្មភាពពាណិជ្ជកម្ម សង្វាក់ផលិតកម្មនៃរោងចក្រ និងសកម្មភាពសង្គមរបស់ក្រុមហ៊ុន ជីប ម៉ុង។
ដំណើរទស្សនកិច្ចថ្ងៃទី១ រួមមានដំណើរទៅទស្សនកិច្ចសិក្សាសង្វាក់ផលិតកម្ម នៅរោងចក្ររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ទឹកបរិសុទ្ធកម្ពុជា ទឹកក្រូច អាយស៍, ទឹកផ្លែឈើ ជូប, ភេសជ្ជៈប៉ូវកម្លាំង វើក ដែលជារោងចក្រផលិតភេសជ្ជៈ និងស្រាបៀរដ៏ធំជាងគេក្នុងតំបន់។ ក្រុមនិស្សិតក៏បានបន្តដំណើរទៅកាន់រោងចក្រផលិតក្បឿង និងទុយោនៃក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ព្រមទាំងទទួលបានការចែករំលែកចំណេះដឹង ពីអ្នកជំនាញផលិតទុយោ ក៏ដូចជាក្បឿងដែលមានគុណភាពខ្ពស់។
ដំណើរទស្សនកិច្ចថ្ងៃទី២ បានធ្វើឡើងនៅរោងចក្រផលិតស៊ីម៉ងត៍នៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលមានទីតាំងស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។
បន្ថែមពីលើការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន ជីប ម៉ុង តែងតែរៀបចំកម្មវិធីអប់រំនានា ដើម្បីបង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់និស្សិតអាហារូបករណ៍របស់ ជីប ម៉ុងទាំង ២ជំនាន់ ដែលជាអនាគតធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង ធ្វើការប្រគល់អាហារូបករណ៍ចំនូន១៥កន្លែង ជាមួយនឹងទឹកប្រាក់អាហារូបករណ៍ចំនួន ៦,០០០ដុល្លារ ទៅកាន់ប្អូនៗសិស្សានុសិស្ស ដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ។
ក្រុមហ៊ុននឹងចាប់បើកទទួលពាក្យអាហារូបករណ៍ នៅខែកញ្ញាខាងមុខនេះ សម្រាប់ព័ត៌មានបន្ថែម សូមរង់ចាំតាមដានគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង https://www.facebook.com/ChipMongOfficial/៕