(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការអញ្ជើញរបស់ លោក អង់ដ្រេ ឃ្លីម៉ូវ អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្សី, អ្នកសម្របសម្រួលគម្រោង នៃពិធីបុណ្យម៉ារ៉ាតុង និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP ដើម្បីចូលរួម ក្នុងសន្និសីទតាមប្រព័ន្ធអ៊ីនធើណិត នាឱកាសនៃពិធីបុណ្យម៉ារ៉ាតុង លើកទី៤ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP អនុប្រធានទី២ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទតាមប្រព័ន្ធអ៊ីនធើណិត ដែលធ្វើឡើងនាទីក្រុង Vladivostock នៃសហព័ន្ធរុស្សី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដោយក្នុងសន្និសីទនេះ មានការចូលរួមពីបណ្តាមេដឹកនាំនៃប្រទេសនានាជាច្រើនផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃពិធីបុណ្យម៉ារ៉ាតុងនេះ គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រុមសមាជិកនៃសភារុស្សី-អឺរ៉ុប នៅឆ្នាំ២០១៣ ដែលធ្វើជាគម្រោងវប្បធម៌មួយ ដើម្បីបង្ហាញនូវសាមគ្គីភាពជារួមធំ មួយនៃអ៊ឺរ៉ុប។ គោលបំណងចម្បង នៃការប្រារព្វពិធីបុណ្យម៉ារ៉ាតុងឆ្លងទ្វីបមួយនេះ គឺជាការលើកកម្ពស់ដល់ការអនុវត្តនូវពាក្យស្លោក ថា «សម្រាប់ភាពកាន់តែអស្ចារ្យធំធេងនៃបណ្តាប្រទេស Eurasia ពីមហាសមុទ្រអាត្លង់ទិក ទៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយគ្មានបន្ទាត់បែងចែក» នៅក្នុងរង្វង់សង្គម និងវប្បធម៌។
ពិធីបុណ្យម៉ារ៉ាតុងនេះ ត្រូវបានធ្វើឡើងក្រោមការឧបត្ថម្ភពីក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្សី ដោយមានការគាំទ្រពីអង្គការយូណេស្កូ, ទីភ្នាក់ងារសហព័ន្ធ «Rossotrudnichestvo», ក្រសួងការបរទេស និងក្រសួងវប្បធម៌រុស្សី, រដ្ឋបាលនៃតំបន់នៃប្រទេសរុស្ស៊ី និងដោយមានការគាំទ្រពីអង្គការនៃកិច្ចសន្ទនាអឺរ៉ុបអាស៊ី «Euro-Asian Dialogue» និងក្លឹបអ៊ឺរ៉ុប។
គួររម្លឹកថា ពិធីបុណ្យម៉ារ៉ាតុងលើកទី១ ត្រូវបានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៤ ដែលជាឆ្នាំនៃការប្រារព្ធទិវាវប្បធម៌រុស្សីផងដែរ។ នាពេលនោះ ពិធីបុណ្យម៉ារ៉ាតុង ត្រូវបានចាប់ផ្តើមឡើងពីទីក្រុង Perm នៃប្រទេសរុស្សី ដែលជាទីក្រុងមួយនៅមិនឆ្ងាយពីព្រំដែនរវាងអឺរ៉ុប និងអាស៊ី។ បន្ទាប់មកទៀត ពិធីបុណ្យម៉ារ៉ាតុងលើកទី១ នេះ បានធ្វើដំណើរជាបន្តបន្ទាប់ ឆ្លងកាត់ទីក្រុងជាច្រើនដូចជា Riga, Prague, Vienna, Bratislava, Valetta, London, Lisbon និងបញ្ចប់នៅទីក្រុងម៉ូស្គូ។ រីឯលើកទី២ ពិធីបុណ្យម៉ារ៉ាតុង ត្រូវបានធ្វើឡើងនៅចុងខែឧសភា ឆ្នាំ២០១៥ នៅទីក្រុង Vladivostock រួចបន្តទៅទីក្រុងម៉ូស្គូ, ហាំប៊ឺក, មីឡាណូ, ព័រទូ, ប៉ារីស, ម៉ុន (Mons) និងចុងក្រោយនៅទីក្រុង Perm ។
ក្រោយមកទៀតនៅឆ្នាំ២០១៧ ពិធីបុណ្យម៉ារ៉ាតុងលើកទី៣ ចាប់ផ្តើមនៅខែមេសា ពីទីក្រុង Perm រួចបន្តដំណើរទៅ លីសបុន, ប៉ាថុស, ហ៊ែលសាំងគី, ម៉ូស្គូ និងវីឡាឌីវ៉ូស្តក់ ដែលជាគោលដៅចុងក្រោយ។
ចំណែកឯ ពិធីបុណ្យម៉ារ៉ាតុងឆ្លងទ្វីបលើកទី៤នេះ ជាការប្រារព្វធ្វើឡើងក្នុងអត្ថន័យ និងគោលបំណងនៃការអភិរក្សតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ ដោយចាប់ផ្តើមពីប្រទេសរុស្សី អេស្ប៉ាញ បារាំង ប្រទេសស៊ែប៊ី ប៊ុលហ្គារី និងប្រទេសជប៉ុន។
សូមបញ្ជាក់ថា ចាប់តាំងពី ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏រុងរឿងរបស់កម្ពុជា ដោយនៅពេលនោះ មានវត្តមានរបស់អ្នកចូលរួមជាង ៨០០នាក់ មកពីប្រទេសនៃទ្វីបជាច្រើន ក៏ដូចជាអង្គការ និងដៃគូរអន្តរជាតិនានា , ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស និងលោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធាន ACC , កម្ពុជានៅតែបន្តពុះពារសាងកិត្តិយស និងលើកមុខមាត់ប្រទេសជាតិបន្ថែមទៀត រាល់គ្រប់ព្រឹត្តិការណ៍លើឆាកអន្តរជាតិ ដែលទាំងនេះ សុទ្ធសឹងជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕