(កំពង់ចាម)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម រួមជាមួយព្រះសង្ឃ មន្ត្រីរាជការទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋបានរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» និងមានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាសន្តិភាព សិទ្ធិសេរីភាព ដែលកម្ពុជាកំពុងមានពេញលេញនេះ ឱ្យបានយូរអង្វែងទៅថ្ងៃអនាគត ជានិរន្តរ។
លោក គួច ចំរើន បានថ្លែងថា ទិវានេះធ្វើឡើង ដើម្បីរំឭកពីការឈឺចាប់ជាប្រវត្តិសាស្ត្រ ក្នុងកំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋវ័យចំណាស់ បានឆ្លងកាត់នាពេលអតីតកាល ព្រមទាំងត្រូវបានពួកអាវខ្មៅ កាប់សម្លាប់ធ្វើទារុណកម្មបំពានលើសិទ្ធិគ្រប់បែបយ៉ាង ព្រមទាំងសម្តែងនូវក្តីឈឺចាប់ខ្លោចផ្សានូវសោកនាថកម្ម ដែលប្រជាជនកម្ពុជា ស្លូតត្រង់ជាង ៣លាននាក់ ត្រូវបានកាប់សម្លាប់យ៉ាងអយុត្តិធម៌ ក្រោមរបបដ៏ខ្មៅងងឹងប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត។
លោកអភិបាលខេត្តបានបន្តថា ពិតណាស់មកដល់ពេលនេះ មានរយៈពេលជិត ៤០ឆ្នាំ ក៏ដោយប៉ុន្តែការឈឺចាប់នៅក្នុងចិត្តរបស់បងប្អូនប្រជាពរដ្ឋ នៅតែចងចាំមិនអាចបំភ្លេចបាន ពីការបាត់បង់ប្រពន្ធ ប្តីកូន បងប្អូន ឪពុក ម្តាយ ជាទីស្រឡាញ់ ដែលបានព្រាត់ប្រាស់គ្នា គ្មានថ្ងៃនឹងជួប ហើយនេះ គឺជាប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ដែលត្រូវបានពិភពលោកទាំងមូល បានធ្វើកំណត់ត្រាទុកថា គ្មានប្រទេសណាមួយដែលបានឆ្លងកាត់ នូវដំណាក់កាលនយោបាយដ៏អាក្រក់បំផុត ដូចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះទេ។
ចំណុចនេះអាចបញ្ជាក់ច្បាស់ថា ដោយសារតែបញ្ហានយោបាយការរើសអើងគ្នា ការដណ្ដើមអំណាចគ្នាពោរពេញដោយកំហឹងសងសឹក និងការឈឺចាប់។ ដូច្នេះក្រោយពេលដែលពួកគេ បានគ្រប់គ្រងប្រទេស គេក៏បានដឹកនាំប្រទេសបែបប្រល័យពូជសាសន៍ ដែលបានធ្វើឱ្យ ប្រជាជាតិរបស់យើងទទួលរងការឈឺចាប់ រងទុក្ខវេទនាយ៉ាង ធ្ងន់ធ្ងរក្រៃលែងបំផុតផងដែរ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យឱ្យមាន «ទិវាជាតិនៃការចងចាំ» នៅឆ្នាំ២០១៨ ប្រារព្ធធ្វើឡើងក្នុងគោលបំណងការលើកតម្កើង គោរពវិញ្ញាណក្ខន្ធ នឹងការធ្វើបុណ្យឧទ្ទិសកុសល ដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបដ៏អាក្រក់នេះ និងលើកតម្កើងដល់ជនរងគ្រោះ ស្ដារនូវកិត្តិយសនឹងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតទៅហើយក៏ដោយ។
លោកអភិបាលខេត្តបាបន្ថែមទៀតថា ដោយមើលឃើញនូវទុក្ខវេទនា និងការឈឺចាប់ទាំងនោះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន និងអ្នកស្នេហាជាតិជាច្រើនរូបទៀត ដឹកនាំចលនាតស៊ូ ដើម្បីរំដោះប្រទេសពីរបបប្រល័យពូជសាសន៍របប ប៉ុល ពត។ ការប្រឹងប្រែងរបស់សម្ដេចតេជោ ពីការរំដោះប្រទេសជាតិរួចនឹងខំទប់ស្កាត់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ៕