(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា បើទុកឲ្យរបបខ្មែរក្រហមមានជីវិតរស់រានរហូតមកដល់ពេលនេះ នោះប្រជាពលរដ្ឋទាំងអស់គ្នានឹងត្រូវស្លាប់ ហើយប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។
លោកលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋជាង ១០០០នាក់។
លោក មាស សុភា បានបញ្ជាក់ថា មណ្ឌលប្រល័យពូជសាសន៍១០៣ ជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនកន្លែង ដែលរបបប្រល័យពូជសាសន៍ បានរៀបចំជាកន្លែងធ្វើទារុណកម្ម សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ ក្នុងពេលកាន់អំណាចកន្លងមកនេះ។ នៅទូទាំងប្រទេស កន្លែងធ្វើទារុណកម្របៀបនេះ គឺមានច្រើនណាស់គុកទួលស្លែង បឹងជើងឯក និងខេត្តដទៃទៀតគឺរាប់រយកន្លែង។ លោកថា វិធីនៃការធ្វើទារុណកម្ម ក៏មានច្រើនបែបច្រើនយ៉ាង ដែលអាចចាត់ទុកនៅក្នុងប្រវត្តិសាស្ត្រពិភពលោកគេមិនដែលជួបប្រទះទេ។
លោកបន្ថែមថា «សម្រាប់ថ្ងៃ២០ឧសភា ដូចយើងបានដឹងហើយ ដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន យើងក៏បានធ្វើពិធីចងចាំដែរ ដែលពីមុនយើងហៅថាទិវាចងកំហឹង តែឥលូវនេះយើងមិនប្រើពាក្សចងកំហឹងទេ គឺយើងប្រើថាទិវាចងចាំ។ រដ្ឋាភិបាលបានចេញអនុក្រឹត្យចុះថ្ងៃទី១៤ កុម្ភៈ ២០១៨ កំណត់យកទិវានេះជាទិវាបុណ្យជាតិមួយ ហើយក៏ត្រូវឈប់សម្រាកដូចទិវាបុណ្យជាតិផ្សេងដែរ»។
លោក អ៊ុន ចាន់ដា បានថ្លែងនូវការដឹងគុណចំពោះប្រជាពលរដ្ឋខេត្តព្រះវិហារ ក៏ដូចជាជនរួមជាតិទាំងអស់នៅគ្រប់ទិសទី ដែលបានផ្តល់យុត្តិធម៌ និងនៅរក្សាជំនឿ និងការគាំទ្រដ៏រឹងមាំចំពោះជំហរ៧មករា ដែលជាថ្ងៃកំណើតទី២។ ជាពិសេស ពលរដ្ឋនៅតែបន្តការគាំទ្រជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ តាមរយៈការនាំគ្នាទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕