(បាត់ដំបង)៖ មជ្ឈមណ្ឌលអប់រំកុមារ «រ៉ូបូស៊ីងបែប» (STEM) ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក បានបើកសម្ពោធជាផ្លូវការ នៅក្នុងសាខាសាលាបញ្ញាសាស្រ្តអន្តរជាតិបាត់ដំបង ដើម្បីចូលរួមលើកកម្ពស់ការបណ្តោះបណ្តាលកុមារកម្ពុជា ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ពិធីបើកសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនរ៉ូប៉ូស៊ីងកម្ពុជា ជាស្ថាបនិកក្រុមហ៊ុន, លោកស្រី មាស ភារុន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូសិស្ស មកពីសាលាដៃគូ សហការដូចជា៖ មជ្ឈមណ្ឌលកម្សាន្តកុមារ URBAN SPACE សាលាអន្តរជាតិហ្គេនម៉ោន សាលាអន្តរជាតិ យូ អេស អេ (USA), សាលាអន្តរជាតិបញ្ញាសាស្រ្តបាត់ដំបង ផងដែរ។
លោក គុយ ប៉ាន់ឆ័យ បានបញ្ជាក់ថា កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) លំដាប់ថ្នាក់ពិភពលោកនេះ បានមកដល់ប្រទេសកម្ពុជាហើយ ដែលមានឈ្មោះថា រ៉ូបូស៊ីង (RoboThink) មានដើមកំណើតមកពីសហរដ្ឋអាមេរិក។ ដោយបានការអនុញាតិពីរាជរដ្ឋាភិបាល និងក្រសួងអប់រំ យើងបានសម្ពោធទីតាំងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ និងជាលើកទី១ផងដែរ ដែលក្រុមហ៊ុនបានបើកសាខា នៅខេត្តបាត់ដំបង នាពេលនេះ។
លោកបន្តថា រ៉ូបូស៊ីង (RoboThink) កំពុងតែអប់រំមនុស្សជំនាន់ក្រោយ អំពីការកែច្នៃផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងសរសេរកូដដល់កុមារ នៅក្នុងប្រទេសកម្ពុជា និងជំរុញឱ្យពួកគេក្លាយជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ ជាមួយគ្នានេះកុមារ ដែលមានអាយុចាប់ពី៦ ដល់១៤ឆ្នាំ (រៀនថ្នាក់ទី១-៨) កម្មវិធីអប់រំបែបស្ទែមតែមួយគត់របស់រ៉ូបូស៊ីង ត្រូវបានផ្តោតលើវិធីសាស្ត្រសិក្សាចុងក្រោយ របស់ស្ទែមផ្នែក Hardware និងផ្នែក Software និងជាកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងកូរ៉េ។
តាមគណៈគ្រប់គ្រងក្រុមហ៊ុនរៀលលាននែរ បានឱ្យដឹងថា រ៉ូបូស៊ីង (RoboThink) គឺជាកម្មវិធីសិក្សាអប់រំ បែបទំនើប និងរីកចម្រើនឆាប់រហ័ស ដែលមានការិយាល័យមួយចំនួននៅសហរដ្ឋអាមេរិក, កាណាដា, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, ប៉ាណាម៉ា, អាហ្វ្រិចខាងត្បូង, អែរឡង់ និងចិនទៀតផង។
លោកស្រី មាស ភារុន ក៏បានសម្តែងក្តីរីករាយថា ក្នុងនាមមន្ទីរអប់រំខេត្តសូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ស្របពេលវិស័យអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសក្មេងៗ ជំនាន់ក្រោយបានរៀនសូត្រមានចំណេះដឹងប្រកបដោយគុណភាព និងប្រសិទ្ធិភាព។
បន្ថែមពីនេះ លោក អ៊ុយ សុធាវី បានក្នុងនាមរដ្ឋបាលខេត្តសូមធ្វើការគាំទ្រ និងផ្តល់កិច្ចសហការដល់សាលារៀន លើវិស័យអប់រំរដ្ឋ និងឯកជនដែលមានកម្មវិធី បទពិសោធន៍ល្អៗ យកបង្ហាត់បង្រៀនក្មេងឱ្យមានការឆ្លាតវៃក្នុងការសិក្សាកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់៕