(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានចាត់ទុកការប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ជំនាន់ចងចាំនូវព្រឹត្តិការណ៍ដ៏មហាសោកនាដកម្ម កាប់សម្លាប់ប្រជាជនស្លូតត្រង់ ជាង៣លាននាក់ ក្រោមដៃរបបប្រល័យពូជសាសន៍ «ប៉ុល ពត» រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលខេត្តរតនគិរី បានរៀបចំ ទិវាជាតិនៃការចងចាំ និងពិធីគោរពវិញ្ញាណក្ខន្ធ ២០ ឧសភា ឆ្នាំ២០១៩ និងឧទ្ទិសកុសលជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយមានអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្ត, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនស្ម័ក្រចិត្តកាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើន នៅស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក ថង សាវុន បានថ្លែងថា ទិវាជាតិនៃការចងចាំ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែងប្រារព្ធជារៀងរាល់ឆ្នាំ គឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ ចំពោះព្រះសង្ឃ វីរៈជនស្នេហាជាតិ និងប្រជារាស្ត្រស្លូត ត្រង់ជាង ៣លាននាក់ បានបាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ដែលបានកាន់កាប់ត្រួតត្រាដឹកនាំប្រទេសរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងធ្វើឱ្យប្រជាជនរាប់លាននាក់ ត្រូវព្រាត់ប្រាស់ បែកបាក់គ្រួសារ បងប្អូន ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើម។
លោកអភិបាលខេត្តបានបន្តថា ការបង់អាយុជីវិតប្រជាជនជាង ៣លាននេះ មិនមែនជាការកំណត់ដោយកត្តាធម្មជាតិទេ គឺជាអត្តនោម័តយ៉ាងពិតប្រាកដ របស់ពួកមេឃាតកប្រល័យពូជសាសន៍ ជាទមិឡឥតសាសនា គ្មានមនោសញ្ចេតនា គ្មានមនុស្សធម៌ សីលធម៌ មានតែចិត្តខ្មៅឧក្រិដ្ឋ សាហាវព្រៃផ្សៃយង់ឃ្នងផ្តាច់ការតែប៉ុណ្ណោះ។ ដោយនឹកឃើញឡើងវិញនូវសកម្មភាព និងទង្វើដ៏ឈឺចាប់នេះ ហើយដែលធ្វើឱ្យកូនខ្មែរនៅសេសសល់ពីការកាប់សម្លាប់ នៅមានអារម្មណ៍រន្ធត់ក្តុកក្តូល នៃវិនាសកម្មដែលមិនអាចភ្លេចបាន និងចងចាំអស់មួយជីវិត ចំពោះការពលីជីវិត របស់វីរៈជនកងទ័ពស្នេហាជាតិ។
គួររំលឹកថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕