Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រលឹងចុងសក់! រថយន្តធំ២គ្រឿងវ៉ាជែងគ្នាមិនផុត ប៊ិះបុកចំពីមុខរថយន្តបញ្ច្រាស់ទិសគ្នាមួយទៀត, សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបរមកអប់រំ (Video inside)

20-05-2019 10:24

(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ ដែលត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គម Facebook បានបង្ហាញឱ្យឃើញពីទង្វើល្មើសច្បាប់របស់អ្នកបើកបររថយន្តធុនធំ២គ្រឿង ដែលបើកវ៉ាជែងគ្នាទាំងប្រថុយប្រថានមិនផុត ប៊ិះនឹងបុកចំពីមុខរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នា។

ភ្លាមៗបន្ទាប់ពីបើកវ៉ាជែងគ្នាមិនផុតហើយ រថយន្តធំមួយគ្រឿងដែលបើកនៅឆ្វេងដៃ ក៏ជ្រុសចេញខាងឆ្វេងទាំងខុសច្បាប់ហួសទៅបាត់ ចំណែករថយន្តមួយគ្រឿងទៀតដែលនៅខាងស្ដាំ ក៏បន្តដំណើរទៅមុខដូចគ្នា។ ថ្វិដ្បិតមិនបានបង្កឱ្យមានគ្រោះថ្នាក់ណាមួយក៏ពិតមែន ប៉ុន្តែទិដ្ឋភាពព្រលឹងចុងសក់ នោះមើលទៅគួរឱ្យភ័យខ្លាចមែនទែន ពោលមិនគួរឱ្យកើតឡើងទាល់តែសោះ។

បើតាមឃ្លីបវីដេអូខាងលើ ហេតុការណ៍នោះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ការបើកបរដោយគ្មានគិតគូរពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃយ៉ាងដូច្នេះ ត្រូវបានមហាជនលើកឡើងពីសាររិះគន់យ៉ាងចាស់ដៃ តាមរយៈ Comment នៅលើគណនី Facebook ដដែលនោះ ហើយត្រូវបានគេចែកចាយ (Share) ពេញបណ្ដាញទំនាក់ទំនងសង្គមមួយនេះយ៉ាងផុសផុល។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាភ្លាមៗទៅកាន់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ពិសេសកម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កខាងលើទាំងនោះ ដើម្បីនាំយកមកអប់រំបន្ថែមទៀត កុំឱ្យពួកគេប្រព្រឹត្តទង្វើល្មើសច្បាប់នេះតទៅទៀត៕