(កំពង់ចាម)៖ នាឱកាសជួបសំណេះសំណាល និងទទួលទានអាហារស្រាយបួសខែរ៉ាម៉ាដនជាមួយសាសនិកឥស្លាម ដែលធ្វើឡើងនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានប្ដេជ្ញាជំរុញឱ្យមានការតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិនៅឃុំកោះសូទិន ហើយលោកក៏បានបញ្ជាទៅក្រុមការងារជំនាញអនុវត្តផែនការនេះឱ្យបាន។
នាពិធីខាងលើដែលធ្វើឡើងល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លោកអភិបាលខេត្តបានថ្លែងបន្តថា នារដូវប្រាំងកន្លងទៅនេះ លោកបានជំរុញឲ្យមានការតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៣ភូមិ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅក្នុងឃុំកោះសូទិននេះ។
ប៉ុន្តែខណៈនោះ ក្រុមមន្ត្រីអគ្គិសនីបានតបណ្ដាញបង្គោលអគ្គិសនីចូលបាន ១ភូមិ រួចទៅហើយ នៅខ្វះ២ភូមិទៀត ដោយហេតុថានៅរដូវប្រាំងស្ងួតហួតហែង បានគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនី ដែលជាហេតុធ្វើឲ្យអាជ្ញាធរមិនអាចពង្រីកបណ្ដាញអគ្គិសនីបានទាន់ពេលវេលា ដោយសារតែកត្តាគ្រោះរាំងស្ងួតនេះធ្វើឲ្យបណ្ដាញវារីអគ្គិសនី មិនអាចផលិតថាមពលអគ្គិសនីគ្រប់គ្រាន់ប្រើប្រាស់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ថ្វីដ្បិតតែមានការយឺតយ៉ាវបន្តិចអាជ្ញាធរខេត្តនឹងខិតខំជំរុញការតភ្ជាប់បណ្ដាញអគ្គិសនី ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិនៅឃុំកោះសូទិននេះ ព្រោះថាបច្ចុប្បន្ននេះមានភ្លៀងធ្លាក់ហើយ អាចថាទំនប់វារីអគ្គិសនីទាំងឡាយបានចាប់ផ្ដើមដំណើរការឡើងវិញ ក្នុងការផលិតថាមពលអគ្គិសនីដែលអាជ្ញាធរសង្ឃឹមថា នៅពេលដែលដំណើរការបានពេញលេញ ក្រុមមន្ត្រីអគ្គិសនីនឹងបន្តការតភ្ជាប់នូវបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់នូវតម្លៃអគ្គិសនីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ៕