(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រែកកំពឹស លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស។
ក្នុងពិធីនោះក៏មានការចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងជាបេក្ខភាពក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោក លោកស្រីជាមន្ត្រីក្រុមការងារ ចុះជួយមូលដ្ឋានផងដែរ ដែលវត្តមានសមាជិកចូលរួម ក្នុងអង្គសំណេះសំណាលរួមមាន លោក-លោកស្រី ប្រធានក្រុមបក្ស ប្រធានអនុសាខាបក្ស ក្រុមការងារយុវជន គណៈកម្មការសាខាបក្ស និងគណៈកម្មាធិការ គណបក្សប្រជាជនសង្កាត់ព្រែកកំពឹស សរុបមានចំនួន៥០៦នាក់។
ក្រៅពីការសំណេះសំណាលសួរសុខទុក្ខសមាជិកអង្គពិធី លោក រ័ត្ន ស៊្រាង បានលើកឡើងពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងលើកឡើងពីផលប្រយោជន៍ដែលទទួលបានពីនយោបាយឈ្នះៗ បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបាននាំមកនូវសន្តិភាពពេញលេញ ជូនជាតិ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បើធៀបទៅនឹងអតីតកាល កម្ពុជាពុំមានចំណុចណា មួយដើរថយក្រោយ នោះឡើយ។
លោក រ័ត្ន ស្រ៊ាង បានអះអាងថា ជាក់ស្តែងគ្រាន់តែសង្កាត់ព្រែកកំពឹសមួយ ដែលដើមឡើយ គឺជាឃុំរបស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានកាត់មកជារដ្ឋបាលសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបានទទួលការអភិវឌ្ឍន៍យ៉ាច្រើនរាប់មិនអស់ទាំងផ្លូវ ចាក់កៅស៊ូ ផ្លូវចាក់បេតុង ជាច្រើនខ្សែ, ប្រឡាយទឹក, ប្រព័ន្ធលូរំដោះទឹក, ប្រព័ន្ធទឹស្អាត, ប្រព័ន្ធភ្លើងអគ្គិសនី, រមណីដ្ឋានកំសាន្ត បុរីផ្ទះថ្ម ភោជនីយដ្ឋាន និងហាងទំនើបៗ។
ហេតុដូច្នេះសូមឲ្យមន្ត្រីមូលដ្ឋានក្នុងសង្កាត់ព្រែកកំពឹសទាំងអស់ យកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់អំពីការអភិវឌ្ឍន៍ជាក់ស្តែង មើលឃើញផ្ទាល់ភ្នែក ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងធ្វើយ៉ាងណាពន្យល់ឲ្យប្រជាពលរដ្ឋ កុំជឿលើការភូតភរ ញុះញង់បោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី ព្រមទាំងធ្វើការទប់ស្កាត់ និងវាយបកចំពោះល្បិចកលដ៏ខ្មៅកខ្វក់ពិសពុលរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកទាំងអស់ឲ្យបានទាន់ពេលវេលា៕