(ភ្នំពេញ)៖ គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សនយោបាយចំនួន០៦ បានធ្វើសកម្មភាពរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
គ.ជ.ប បានឱ្យដឹងថា គណបក្សនយោបាយទាំង៦នោះរួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំជាមួយសមាជិក សមាជិកាបក្ស បេក្ខជនឈរឈ្មោះ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ នៅតាមទីស្នាក់ការបក្សក្នុងរាជធានី ខេត្តចំនួន១៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តមណ្ឌលគិរី និងខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុប ៤,៥៦៦នាក់។
ទី២៖ គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពហែក្បួន នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ប្រមាណ ១០០នាក់ រថយន្ត១០គ្រឿង ម៉ូតូ ២០គ្រឿង និងរ៉ឺម៉កកង់បី ៦គ្រឿង។
ទី៣៖ គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួន នៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុបប្រមាណ ២៤០នាក់ រថយន្ត ២១គ្រឿង និងម៉ូតូ ២៣គ្រឿង និងធ្វើការជួបប្រជុំនៅទីស្នាក់ការបក្ស ខេត្តប៉ៃលិន ដោយមានអ្នកចូលរួម ៥២នាក់។
ទី៤៖ គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាព ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នកចូលរួមសរុប៦នាក់។
ទី៥៖ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាព ជួបប្រជុំ ចុះផ្សព្វផ្សាយគោលនយោបាយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប ៣៦នាក់។
ទី៦៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាព ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅថ្ងៃទី៣នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស៕