(ប៉ៃលិន)៖ លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស៊្រីណាម អភិបាលខេត្តចាន់បុរី នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកការប្រកួតកីឡាប្រណាំងកង់កម្ពុជា-ថៃ ដើម្បីសុខភាព និងមិត្តភាព ដើម្បីដណ្តើមរង្វាន់ព្រះមហាក្សត្រថៃ នៅស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កីឡាករ កីឡាការីនី ថៃ-កម្ពុជាជាច្រើននាក់ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក វីធូរ៉ាត់ ស៊្រីណាម បានឱ្យដឹងថា ដោយមើលឃើញប្រជាជនថៃ ក៏ដូចជា ប្រជាជនទូទៅចូលចិត្តជិះកង់លំហាត់ប្រាណ ដើម្បីសុខភាព និងការជិះកង់ជាក្រុមៗ គ្រប់ទីកន្លែង ទើបគណៈកម្មការ នៃព្រះមហាក្សត្រថៃ បានរៀបចំឱ្យមានកម្មវិធីប្រកួតប្រណាំង ជិះកង់មិត្តភាពនេះឡើង ដោយចង់លើកទឹកចិត្តក្រុមអ្នកជិះកង់ ជាពិសេសដើម្បីសុខភាព មិត្តភាព និងពង្រឹងទំនាក់ទំនងរវាងខេត្តជិតខាង រួមមាន៖ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង របស់កម្ពុជា និងខេត្តចាន់បុរី ប្រទេសថៃ។
លោក ធូ ភា បានកោតសរសើដល់អាជ្ញាធរខេត្តចាន់បុរី ដែលបានរៀចំកម្មវិធីការប្រកួតកីឡាប្រណាំងកង់ ជាលក្ខណៈមិត្តភាពនេះឡើង គោលបំណងឲ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋភូមិផង បានជួបជុំ បានស្គាល់គ្នាកាន់តែច្បាស់ ក្នុងន័យពង្រឹងកិច្ចសហការ សាមគ្គីភាព មិត្តភាពកាន់តែល្អប្រសើឡើង ជាពិសេសការទំនាក់ទំនងការដោះដូរទំនិញ និងពាណិជ្ជកម្មតាមព្រំដែន ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
បើតាមការបញ្ជាក់របស់គណៈកម្មការការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាប្រណាំងជិះនេះ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់២០ ខែឧសភា ឆ្នាំ២០១៩ ហើយមានកីឡាករចូលរួម ១០៥០នាក់ ក្នុងនោះ កីឡាករកម្ពុជាចំនួន ៥០នាក់ (ប៉ៃលិន ២០នាក់+បាត់ដំបង ៣០នាក់) ដោយប្រណាំងលើចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ៕