(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានបង្ហាញបេក្ខភាពទីក្រុង-ខណ្ឌ ឆ្នើមថ្មីចំនួន០៦ ដែលជាប់ជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ទទួលបានពិន្ទុខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨-២០២១) ដើម្បីត្រៀមលក្ខណៈសម្បត្តិឈានឆ្ពោះទៅរកជ័យលាភីការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២។
បើតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចេញសេចក្ដីជូនដំណឹង ស្ដីពី «នីតិវិធីវាយតម្លៃនៃចលនាប្រឡប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ សម្រាប់កម្ពុជា» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ។
បេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ខាងលើនេះរួមមាន៖ ក្រុងកំពត (ខេត្តកំពត), ខណ្ឌដូនពេញ (រាជធានីភ្នំពេញ), ក្រុងកំពង់ចាម (ខេត្តកំពង់ចាម), ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់), ក្រុងតាខ្មៅ (ខេត្តកណ្តាល), និងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង) ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ និងឈានឆ្ពោះទៅរកជ័យលាភីក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ សម្រាប់ឆ្នាំ២០២០-២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) នៅប្រទេសប្រ៊ុយណេដារូសាឡឹម នាដើមខែមករា ក្នុងឆ្នាំ២០២០៕