(ពោធិ៍សាត់)៖ ជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូឌុបគ្នា មករកទិញគោជល់ ១កំប៉ុង ក្នុងផ្ទះលក់ចាប់ហ៊ួយដែលមានវេរលុយ Wing រួចបន្លំលួចយកលុយអ្នកលក់ក្នុងថតតុអស់ ៧០០០ដុល្លារ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៤៥នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅទីតាំងវេរលុយ Wing ដែលមានស្លាកសញ្ញាយីហ៊ោ «សូ វណ្ណ» ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាប់ផ្លូវជាតិលេខ៥ ខាងកើតសាខាគយ និងរដ្ឋាករខេត្ត។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះមកដល់កន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះ គឹម រដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ បានត្រូវជនពុំស្គាល់មុខ មានគ្នា០២នាក់ ស្រីមានអាយុប្រហែលជាង ៣០ឆ្នាំ បានជិះម៉ូតូម៉ាក HONDA ព័ណ៌ខ្មៅ មិនស្គាល់ស្លាកលេខ មិនស្គាល់ឆ្នាំផលិត ចូលទិញភេសជ្ជៈគោជល់០១កំប៉ុង ហើយបន្លំយកលុយនៅក្នុងថតតុអស់រួមមាន៖ លុយដុល្លារចំនួន ២,០០០ និងលុយខ្មែរចំនួន ២០លានរៀល។
តាមសម្ដីរបស់ជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យប្រុសស្រី២នាក់ បានជិះម៉ូតូមកដល់មុខតូបលក់អីវ៉ាន់ របស់ខ្លួន ហើយបានចុះទៅរកទិញគោជល់១កំប៉ុង ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យ ដើរចុះឡើងដែរ តែមិនចាប់អារម្មណ៍ជនសង្ស័យ ដែលចូលបន្លំយកលុយក្នុងថតតុ។
ស្រាប់តែពេលជនសង្ស័យជិះម៉ូតូចេញទៅ ជនរងគ្រោះក៏បើកថតតុលុយក៏ឃើញបាត់លុយ គិតជាទឹកប្រាក់សរុប ៧ពាន់ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលស្រែកឆោឡោថាចោរៗ តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងហេតុ និងបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព តែមិនមានមូលដ្ឋានវែកមុខជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីនោះឡើយ ដោយសារតែជនសង្ស័យបានពាក់មួកជិត ណាមួយកាមេរ៉ាសុវត្ថិភាពចាប់លើខ្ពស់ពេក៕