(ភ្នំពេញ)៖ ក្រៅពីផ្ញើសារនយោបាយធ្ងន់ៗទៅបុគ្គលសម រង្ស៊ី ដែលកំពុងរត់ជ្រកកោននៅក្រៅប្រទេសនោះ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ក៏បានប្រាប់ទៅអតីតសមាជិកគណបក្សប្រឆាំង និងជាពិសេសលោក សម រង្ស៊ី មួយមាត់ថា បុគ្គលដែលជាប់ទោសទណ្ឌ ជាប់បំរាមសាលដីកាតុលាការកំពូល គឺមិនមានសិទ្ធិនិយាយស្ដី និងបញ្ចេញមតិដូចលោកនោះឡើយ។
លោក គង់ គាំ និងកូនប្រុសរបស់ខ្លួន គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំអ្នកគាំទ្រជាច្រើននាក់ រៀបចំអបអរសាទរខួបមួយឆ្នាំ នៃការបង្កើតគណបក្សឆន្ទៈខ្មែរ និងសមាជវិសាមញ្ញនៅទីស្នាក់គណបក្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សារនយោបាយបាញ់ទៅលោក សម រង្ស៊ី នៅចំពោះមុខសកម្មជនរបស់ខ្លួនអ្នកនយោបាយចាស់វស្សាលោក គង់ គាំ បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលជាប់ទោស អ្នកដែលជាប់បំរាម អ្នកដែលល្មើសសាលដីកា មិនអាចមានមតិដូចខ្ញុំទេ។ សម រង្ស៊ី គាត់ថា អ្នកសុំសិទ្ធិ (ធ្វើនយោបាយ) ថោកទាបណាស់ ប៉ុន្តែតើគាត់ជាអ្នកថ្លៃថ្នូរ ធើអីខ្លះ? អ្នកថ្លៃថ្នូរហ្នឹង ខ្ញុំនៅចាំថា គាត់រត់ចោលស្រុកច្រើនដង ហើយមុនបានចូលស្រុកវិញគាត់ធ្វើម៉េច? គាត់សុំទោសគេដូចតែគ្នាហ្នឹង ដូច្នេះក្រៀល កុំដៀលក្រូច ឱ្យសោះ»។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី កំពុងតែរុំទ័ព្ធទៅដោយទោសទណ្ឌជាច្រើនពាក្យបណ្ដឹង ហើយត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ផ្ដន្ទាទោស ដាក់ពន្ធនាគារជាច្រើនឆ្នាំ ហើយទោសចុងក្រោយថ្មីៗនេះ ត្រូវបានតុលាការប្រកាសសាលក្រមពីរបទល្មើសទៀត ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ គឺញុះញង់ឲ្យកងទ័ពកុំស្ដាប់បញ្ជារាជរដ្ឋាភិបាល និងបទល្មើសមួយទៀត គឺប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលសាលក្រមផ្ដន្ទាទោសទាំងពីរនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទនៅអតីតទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕