(ភ្នំពេញ)៖ សាកលវិទ្យាល័យរបស់អាមេរិកធំៗចំនួនពីរ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ដែលទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ AUPP។
និស្សិតជ័យលាភីចំនួន៣៦នាក់ ត្រូវបានប្រគល់សញ្ញាបត្រជូនដោយសាកលវិទ្យាល័យអារីហ្សូណា សាកលវិទ្យាល័យរដ្ឋហ្វតហេស៍ និងសាកលវិទ្យាល័យ AUPP នៅល្ងាចថ្ងៃសៅរ៍នេះ ។
លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានមានប្រសាសន៍ថា «AUPP និងសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិកទាំងពីរ មានមោទនភាពយ៉ាងខ្លាំង ដែលនិស្សិតជ័យលាភីរបស់យើងជំនាន់ទី១ និងទី២ បានកំពុងតែទទួលបានជោគជ័យទាំងក្នុងស្រុក និងអន្តរជាតិ»។
និស្សិតជ័យលាភីមួយចំនួនធំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងបណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងពីរជំនាន់ មាននិស្សិតមួយចំនួនបានឱកាសការងារពីស្ថាប័នក្នុងស្រុកនិងក្រៅប្រទេស ដោយទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ទៅតាមទីផ្សារអន្តរជាតិ។
លោក Gregory Bardzell តំណាងជាន់ខ្ពស់ (បើដឹងតួនាទីគួរដាក់ឱ្យចំតែម្តងទៅ) មកពីសាកលវិទ្យាល័យអារីហ្សូណា បាននិយាយថា «សាកលវិទ្យាល័យអារីហ្សូណា សាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ មានមោទនភាពយ៉ាងខ្លាំងដែលបានបង្កើតនូវធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់សម្រាប់សង្គម»។
តាមរយៈកម្មវិធីសិក្សាយកសញ្ញាបត្រពីរ (Dual Degree) និស្សិត AUPP នឹងទទួលបានសញ្ញាបត្រចេញដោយសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ បន្ថែមពីលើសញ្ញាបត្រចេញដោយសាកលវិទ្យាល័យ AUPP៕