(ព្រះវិហារ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិកអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក៏ដូចជា ក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត និងសមាជិកបក្សជាង ៧០០នាក់ នាឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះដែរលោក មាស សុភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិកបក្សទាំងអស់ ដែលក្នុងរយៈពេល កន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ចូលរួម ពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
លោក មាស សុភា បានបន្ថែមទៀតថា មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក និងមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយត្រូវចេះជួយប្រជាជនដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ។ ដូចគ្នានេះដែរ អង្គបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយអញ្ជើញទៅចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ឱ្យបានគ្រប់គ្នា ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនក៏ដូចជាប្រទេសជាតិទាំងមូល។
ជាមួយគ្នានោះដែរលោក មាស សុភា ក៏បានណែនាំឲ្យសមាជិកបក្សទាំងអស់ ត្រូវមានការជឿជាក់លើការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ និងប្រជាពលរដ្ឋយើងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងប្រទេសជាតិទទួលបានសន្តិសុខ សណ្តាប់ធ្នាប់ល្អគ្រប់ទីកន្លែង៕