(កណ្តាល)៖ យុវជន៣នាក់ ជាកូនសិស្សរៀនជួសជុលម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភបន្តកន្ទុយគ្នារហូតបានសម្រេច ទៅលើនារីខ្សោយបញ្ញាម្នាក់ ស្ថិតនៅក្នុងមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការឃាត់ខ្លួនយុវជនទាំង៣នាក់ ខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់នារីរងគ្រោះ ដែលជាជនខ្សោយបញ្ញា ហើយឈានទៅឃាត់ខ្លួនបាននាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ តែម្តង។
នគរបាលបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ល.ស.ម អាយុ១៩ឆ្នាំ ជាជនខ្សោយបញ្ញា រស់នៅក្នុងមណ្ឌល។ ចំណែកជនសង្ស័យទាំង៣នាក់ រួមមានទី១៖ ឈ្មោះ ចែម ចុន អាយុ១៦ឆ្នាំ, ទី២៖ ឈ្មោះ ប៉ូច គង់ អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ បាន ម៉េង អាយុ២៩ឆ្នាំ អ្នកទាំង៣ជាកូនសិស្សរៀនជួសជុលម៉ូតូ ស្នាក់នៅក្នុងមណ្ឌលកើតហេតុជាមួយជនរងគ្រោះ។
នគរបាលបានបន្តថា មុនពេលកើតហេតុនារីរងគ្រោះ និងជនសង្ស័យនៅមើលទូរទស្សន៍ជាមួយគ្នាក្នុងមណ្ឌល ខណៈកំពុងមើលនោះស្រាប់ តែជនសង្ស័យឈ្មោះ ចែម ចុន បានហៅជនរងគ្រោះឱ្យចេញក្រៅរួចខ្សឹបប្រាប់ជនរងគ្រោះថា អូនឱ្យបងឈ្មោះ បាន ម៉េង រួមភេទផងទៅ។ គ្រាន់តែសំដីជនសង្ស័យប៉ុណ្ណឹងធ្វើឱ្យជនសង្ស័យ បាន ម៉េង ដឹកដៃនារីរងគ្រោះយកទៅរំលោភ នៅក្នុងសួនច្បាររហូតបានសម្រេច។ បន្ទាប់មកជនសង្ស័យ២នាក់ ក៏ចូលទៅរួមភេទជាមួយយុវតីរងគ្រោះបានសម្រេចម្នាក់ម្តងៗ។ ក្រោយកើតហេតុ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងឱ្យនគរបាលជួយរកយុត្តិធម៌រួចឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ មកសាកសួរ។
នៅចំពោះមុខនគរបាលជនសង្ស័យឈ្មោះ ចែម ចុន បានសារភាពថា ខ្លួន និងនារីជនរងគ្រោះស្រឡាញ់គ្នា ហើយធ្លាប់បានរួមភេទជាមួយគ្នាចំនួន ៣លើករួចមកហើយ។ ចំណែកឈ្មោះ បាន ម៉េង បានសារភាពថា ខ្លួនទើបបានរួមភេទជាមួយជនរងគ្រោះម្តងនេះទេ។ រីឯឈ្មោះ ប៉ូច គង់ បានសារភាពថា ជនរងគ្រោះនឹងរូបគេ គឺជាសង្សានឹងគ្នាហើយធ្លាប់រួមភេទជាមួយគ្នាបាន ២លើកមកហើយ។
ទោះបីយ៉ាងណា ជនសង្ស័យទាំង ៣នាក់ ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕