(ភ្នំពេញ)៖ កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) លំដាប់ថ្នាក់ពិភពលោកតែមួយគត់ បានមកដល់ប្រទេសកម្ពុជាហើយ ដែលមានឈ្មោះថា រ៉ូបូស៊ីង (RoboThink) ពីសហរដ្ឋអាមេរិក ដែលនាំចូលមក ដោយក្រុមហ៊ុនរៀលលាននែរ ខូអិលធីឌី។
កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) ខាងលើនេះ ត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោក សាន្ត វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រង ក្រុមហ៊ុនរៀលលាននែរ និងអគ្គនាយកក្រុមហ៊ុន RoboThink មកពីសហរដ្ឋអាមេរិក។
ក្នុងនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីដៃគូសហការ ដូចជា៖ មជ្ឈមណ្ឌលកម្សាន្តកុមារ URBAN SPACE, សាលាអន្តរជាតិហ្គេនម៉ោន សាលាអន្តរជាតិ យូ អេស អេ (USA), សាលាអន្តរជាតិបញ្ញាសាស្រ្តបាត់ដំបង។ កម្មវិធីបើកសម្ពោធ ត្រូវបានរៀបចំធ្វើឡើង នៅសណ្ឋាគារ សូហ្វីថែលភ្នំពេញ។
បើតាមគណៈគ្រប់គ្រងក្រុមហ៊ុនរៀលលាននែរ បានឲ្យដឹងថា រ៉ូបូស៊ីង (RoboThink) គឺជាកម្មវិធីសិក្សាអប់រំ ដ៏មានប្រជាប្រិយភាព និងរីកចម្រើនឆាប់រហ័ស ដែលមានការិយាល័យនៅសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាណាម៉ា អាហ្វ្រិចខាងត្បូង អែរឡង់និងចិន។
លោកថា បច្ចុប្បន្ននេះ រ៉ូបូស៊ីង (RoboThink) កំពុងតែអប់រំមនុស្សជំនាន់ក្រោយ អំពីការកែច្នៃផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងសរសេរកូដដល់កុមារនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យពួកគេក្លាយ ជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។
ជាមួយកុមារ ដែលមានអាយុចាប់ពី៦ ដល់ ១៤ឆ្នាំ (ថ្នាក់ទី១-៨) កម្មវិធីអប់រំបែបស្ទែមតែមួយគត់របស់រ៉ូបូស៊ីង ត្រូវបានផ្តោតលើវិធីសាស្ត្រសិក្សាចុងក្រោយ របស់ស្ទែមផ្នែក Hardware និងផ្នែក Software និងជាកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក និងកូរ៉េ។
តាមរយៈការសិក្សាកម្មវិធី រ៉ូបូស៊ីង (RoboThink) កុមារនឹងទទួលបានចំណេះដឹង ទាក់ទងនឹងការច្នៃប្រឌិតក្នុងការសាងសង់គ្រឿងយន្ត ការសរសេរកូដ អភិវឌ្ឍសមត្ថភាពខួរក្បាលកុមារ បានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តផ្ទាល់ជាមួយនឹងឧបករណ៍រ៉ូបូទិក លាយឡំការសិក្សាបែបកម្សាន្ត យ៉ាងសប្បាយរីករាយផងដែរ។
គណៈគ្រប់គ្រងរូបនេះ បានបន្ថែមទៀតថា លើសពីនេះទៅទៀត ក្រុមហ៊ុនបានសម្រិតសម្រាំងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធខ្ពស់ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ជាមួយនឹងគ្រូជំនាញ មកពីសហរដ្ឋអាមេរិកផងដែរ។
គូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រនិងអនុញាត្ត ឲ្យកម្មវិធីបូស៊ីង (RoboThink) ដាក់ដំណើរការសាកល្បង នៅសាលារៀនបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ តាមរយៈ លិខិតលេខ ២៣០១ អយក.ផក ចុះថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា៕