(ភ្នំពេញ)៖ នៅពេលដែលបុគ្គលម្នាក់បានប្រព្រឹត្តនូវអំពើឈ្លានពាន ប្រឆាំងទៅនឹងបុគ្គលម្នាក់ទៀតហើយច្បាប់បានបញ្ញត្តិថាអំពើនោះជាបទល្មើសព្រហ្មទណ្ឌ នោះជនបង្កនឹងត្រូវទទួលទោសទៅតាមទង្វើដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែក៏នៅមានមូលហេតុមួយចំនួនដែលក្រមព្រហ្មទណ្ឌមិនតម្រូវឲ្យមានការទទួលខុសត្រូវ ឬមានការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ។
ដើម្បីយល់កាន់តែច្បាស់ថា តើមានមូលហេតុអ្វីខ្លះ ដែលអាចឲ្យរួចផុតពីការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបង្ហាញជូនដូចខាងក្រោម៖
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ បានបញ្ញត្តិអំពីមូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌមានដូចខាងក្រោម ៖
១៖ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ដោយសារមូលហេតុវិបល្លាសស្មារតី (មាត្រា៣១ នៃក្រមព្រហ្មទណ្ឌ) វិបល្លាសស្មារតី សំដៅទៅលើជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតី វិកលចរិត សតិមិនល្អ ដែលពុំអាចដឹងខុសត្រូវលើទង្វើរបស់ខ្លួនបានដូចមនុស្សធម្មតាក្នុងរយៈពេលមិនកំណត់ ឬក្នុងមួយរយៈពេលខ្លី ដូច្នេះកាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះ កើតវិបល្លាសស្មារតីដែលធ្វើឲ្យបាត់បង់នូវសមត្ថភាពយល់ដឹងរបស់ខ្លួន ជននោះមិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។
ផ្ទុយទៅវិញ បើជននោះកើតវិបល្លាសស្មារតីដែលគ្រាន់តែកាត់បន្ថយនូវការដឹងខុសដឹងត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល ។ ការកំណត់ថាជននេះកើតវិបល្លាសស្មារតី ឬគ្រាន់តែអន់បន្ថយនូវការយល់ដឹងខុសត្រូវនោះ ត្រូវមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ពីគ្រូពេទ្យជំនាញ ដើម្បីឲ្យតុលាការធ្វើការពិនិត្យ និងពិចារណាពីបញ្ហានេះក្នុងការកំណត់ទោស ។
ចំពោះជនដែលកើតវិបល្លាសស្មារតីដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ហាមឃាត់ ហើយបានប្រព្រឹត្តបទល្មើស ជននោះមិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។
២៖ ការអនុញ្ញាតដោយច្បាប់ ឫអាជ្ញាធរ (មាត្រា៣២ នៃក្រមព្រហ្មទណ្ឌ) សំដៅទៅលើអាជ្ញាធរសាធារណៈមានដូចជា នគរបាល យោធា ជាដើម ដែលប្រព្រឹត្តអំពើដែលបានបញ្ញត្តិ ឬអនុញ្ញាត្តដោយច្បាប់ ឬតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលទាំងនោះមិនមែនប្រព្រឹត្តបទល្មើសនោះទេ លើកលែងតែអំពើនោះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ។
ប៉ុន្តែ ចារី សហចារី អ្នកផ្តើមគំនិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបទឧក្រិដ្ឋសង្រ្គាម មិនអាចលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបានទេ ទោះក្នុងមូលហេតុណាក៏ដោយ ។
៣៖ ការការពារស្របច្បាប់ (មាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ) ច្បាប់បានអនុញ្ញាត្តឲ្យបុគ្គល ណាដែលប្រព្រឹត្រ្តបទល្មើស ក្នុងសភាពការការពារស្របច្បាប់ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ប៉ុន្តែការការពារស្របច្បាប់នោះត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ដែលប្រឈមមុខនឹងការឈ្លានពានមួយមិនត្រឹមត្រូវ បទល្មើស និងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន ។
ឧទាហរណ៍៖ លោក «ក» បានប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ ហើយបានយកកាំបិតទៅកាប់ក្បាលម្តាយរបស់ខ្លួន ដោយស្របពេលនោះ លោក «ខ» ដែលត្រូវជាប្អូនប្រុសរបស់លោក «ក» បានឃើញសកម្មភាពនោះ ក៏បានស្ទុះទៅយកដំបងនៅក្បែរខ្លួនវាយលោក «ក» មួយដំបងត្រូវចំក្បាលបណ្តាលឲ្យដួលទៅនឹងដីតែម្តង ក្នុងបំណងការពារម្តាយរបស់ខ្លួន ។
ករណីនេះ លោក «ខ» មិនទទួលខុសត្រូវព្រហ្មទណ្ឌទ្បើយ ព្រោះទង្វើរនេះជាស្ថានភាពចាំបាច់ដើម្បីការពារអ្នកដទៃ ដែលតបតទៅនឹងអំពើឈ្លានពានមិនត្រឹមត្រូវក្នុងពេលដំណាលគ្នានៃអំពើ ហើយមធ្យោបាយការពារខ្លួនដែលយកមកប្រើប្រាស់មានភាពសមាមាត្រគ្នា។
៤៖ សច្ចធារណ៍នៃការការពារស្របច្បាប់ (មាត្រា៣៤ នៃក្រមព្រហ្មទណ្ឌ) ការសន្មតថាជាការការពារស្របច្បាប់នៅក្នុងករណីដែល បទល្មើសត្រូវបានប្រព្រឹត្តដើម្បី រុញច្រានការចូលក្នុងពេលយប់ដោយសារ កាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ ។
បទល្មើសបានប្រព្រឹត្តដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែលអនុវត្តដោយហិង្សា ។ សច្ចធារណ៍នៃការការពារស្របច្បាប់ ពុំមានលក្ខណៈដាច់ខាតទេ ។ សច្ចធារណ៍នេះអាចត្រូវរលាយ ដោយភស្តុតាងផ្ទុយ ។
៥៖ ស្ថានភាពចាំបាច់ (មាត្រា៣៥ នៃក្រមព្រហ្មទណ្ឌ) ស្ថានភាពចាំបាច់ សំដៅទៅលើបុគ្គលដែលស្ថិតនៅក្នុងការ ចាំចាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទ្បើយ ។ ស្ថានចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ៖
បទល្មើសត្រូវបានចាត់ទុកថា ត្រឹមត្រូវដោយការចាំបាច់ ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាន និង គ្មានវិសមាមាត្ររវាងមធ្យោបាយការពារ និងទម្ងន់នៃគ្រោះថ្នាក់ ។
ឧទាហរណ៍៖ ចោរមួយក្រុមបានវាយបំបែកសោរផ្ទះរបស់ ពូសុខ ដើម្បីចូលប្លន់ទ្រព្យសម្បត្តិរបស់គាត់ ភ្លាមនោះ ពូសុខ ក៏បានយកកាំបិតកាប់ទៅលើចោរនោះ ដើម្បីការពារអាយុជីវិតក្រុមគ្រួសារ និងទ្រព្យសម្បត្តិរបស់គាត់ពីការឈ្លានពាន របស់ក្រុមចោរ ដូចនេះ ពូសុខ ពុំត្រូវបានទទួលទោសព្រហ្មទណ្ឌនោះទេ ។
៦៖ អនុភាពនៃកម្លាំង ឫការបង្ខំ (មាត្រា៣៦ នៃក្រមព្រហ្មទណ្ឌ) សំដៅទៅដល់បុគ្គលដែលប្រព្រឹត្ត បទល្មើសក្រោមអនុភាពនៃកម្លាំង ឬការបង្ខំ ដែលបុគ្គលនេះមិនអាចទប់ទល់បាននោះ មិនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌទេ ។ កម្លាំង និងការបង្ខំអាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈ របស់មនុស្សតែប៉ុណ្ណោះ ។ កម្លាំង និងការបង្ខំនេះត្រូវតែមិនអាចមើលឃើញជាមុនបាន និងមិនអាចជៀសវាងបាន ។
សរុបមក ក្រមព្រហ្មទណ្ឌបានបញ្ញត្តិយ៉ាងពិសេស អំពីមូលហេតុនៃការមិនទទួលខុសត្រូវ ព្រមទាំងស្ថានសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ ក្នុងគោលបំណងការពារដល់បុគ្គលដែលកើតវិបល្លាសស្មារតីបាត់បង់ការយល់ដឹងរបស់ខ្លួនក្នុងអំទ្បុងប្រព្រឹត្តបទល្មើស តាមការទទួលបញ្ជពីអាជ្ញាធរស្របច្បាប់ និងការការពារខ្លួន ការពារអ្មកដទៃ ឬការការពារទ្រព្យសម្បត្តិ ដែលកំពុងប្រឈមនឹងការឈ្លានពានខុសច្បាប់ ។
ដោយទ្បែក ក្រៅពីមូលហេតុខាងលើនេះ អនីតិជនអាយុក្រោម ១៤ ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែអំពើដែលអនីតិជនបានប្រព្រឹត្ត ឪពុក-ម្តាយ ឬអាណាព្យាបាលសម្រាប់អនីតិជនជាអ្នកទទួលខុសត្រូវសំណងរដ្ឋប្បវេណី ។
រៀបរៀងដោយ៖ លោកមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ/ Cambodia International Cooperation Law Group៕